(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប លឿនជ្រុលបុកគូទរថយន្តស្ទូចចតស្ងៀមពេញទំហឹង បណ្ដាលឲ្យនារីម្នាក់រងរបួស ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១៣ខែ សីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AE-9998 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត ស្ទូចធុនធំមួយគ្រឿងដែល កំពុងតែចតស្ងៀមដោយមិនបានដាក់សញ្ញាសំគាល់នោះទេ គឺគ្រាន់តែបើកភ្លើងសុំផ្លូវ ក៏ត្រូវរថយន្តស៊េរីទំនើបខាងលើ ជ្រុលទៅបុកចំពេញមួយទំហឹង បណ្ដាលឲ្យនារីម្នាក់ រងរបួសសន្លប់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមក រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង ដើម្បីយករថយន្តទាំង២ទៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលក្រោយផងដែរ៕