(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បាននិងកំពុងរងការរំខានដោយសំឡេង និងរំញ័រចេញពីរោងចក្រ ស្ទេប ហ៊្វូតសក៍អេស៊ា (Steps Footsock Asia Co., Ltd) ជាហេតុបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់របស់ពួកគាត់ ពិសេសគឺនៅពេលយប់។

ពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងនោះ (សុំមិនបញ្ចេញឈ្មោះ) បានរៀបរាប់ឱ្យដឹងថា រយៈពេលដែលកើតមានបញ្ហានេះ គឺចាប់តាំងពីខែមេសា ឆ្នាំ២០១៩ មកម្ល៉េះ ដោយពួកគាត់តែងតែរងការរំខានដោយសារសំឡេងជាមួយនឹងរំញ័រចេញពីរោងចក្រ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង ពិសេសនៅពេលយប់ សម្រានក៏មិនបានលក់ស្រួលដែរ។

ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋនៅមូលដ្ឋាននៅមិនទាន់ឃើញក្រុមអធិការកិច្ច ឬក្រុមក្រសួងបច្ចេកទេសពាក់ព័ន្ធ ដូចជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថានជាដើមនោះ ចុះមកពិនិត្យលើបទដ្ឋាននានា ដូចជា លក្ខខណ្ឌនៃការដំឡើងគ្រឿងចក្រ ម៉ាស៊ីនភ្លើង ម៉ាស៊ីនខ្សែសង្វាក់ផលិតកម្ម លក្ខខណ្ឌការងាររបស់កម្មករ-និយោជិតជាដើមនៅឡើយទេ ដោយពួកគាត់ភ័យខ្លាចថាអាចរងផលប៉ះពាល់សុខភាពកម្មករនិយោជិតប្រមាណជាង ១០០នាក់ ពីការរំខានដោយសំឡេង និងលំហូរខ្យល់នៃបំពង់ផ្សែងដែលបង្ហុយចូលរោងចក្រវិញ។

ពលរដ្ឋដដែលបានបន្តថា បញ្ហាសំណង់អគាររោងចក្រដែលមានសភាពស្នាមប្រះមិនរឹងមាំ និងការចម្រុះកាកសំណល់គីមីចូលប្រព័ន្ធលូប្រឡាយ ដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ នាពេលខាងមុខនេះ។

ពលរដ្ឋដែលរងផលប៉ះពាល់នោះ បានទទូចស្នើទៅអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មេត្តាពិនិត្យដោយបច្ចេកទេស មុននឹងអនុញ្ញាតឱ្យដំណើរការ ហើយជាពិសេសក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានក្រុមបច្ចេកទេសជំនាញ សូមមេត្តាចុះមកជួយពិនិត្យផង ដើម្បីកុំឱ្យឈានដល់មានកម្មករគ្រោះថ្នាក់ ឬមានផលប៉ះធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋ ទើបមានចំណាត់ការនាពេលខាងមុខ៕