(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត អមដំណើរដោយ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ប្រធានប្រតិបត្តិ អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា និងអនុសាខាស្រុក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៧៦គ្រួសារ និងមួយគ្រួសារទៀតរលំផ្ទះ ស្ថិតក្នុងភូមិតាដេស និងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ។

លោក ម៉ៅ ធនិន បានមានប្រសាសន៍សំណេះសំណាល និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ជាក់ស្តែងដូចជា ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៧៦គ្រួសារ និងមួយគ្រួសារទៀតរលំផ្ទះ ជាសក្ខីភាពស្រាប់ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

លោកបានបន្តទៀតថា នារដូវស្សានេះសូមឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ រស់នៅប្រកបដោយអនាម័យ ត្រូវប្រកាន់ភ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផល ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានប្រសើរឡើង។

អំណោយមនុស្សធម៌ ដែលត្រូវចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៧៦គ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង និងថវិកា៣ម៉ឺនរៀល ដោយឡែកសម្រាប់គ្រួសាររលំផ្ទះ ត្រូវបានទទួល អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កំប៉្លេ (មុង១ ភួយ១ ក្រម៉ា១ សារុង១ កន្ទេល១ តង់១) និងថវិកា១០ម៉ឺនរៀល៕