(រតនគិរី)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញចុះចែកអំណោយមនុស្សធម៌របស់អង្គការការីតាសកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ៥០០គ្រួសារ មកពីភូមិដីឡូត៍ និងភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

ជាមួយគ្នានេះ អង្គការការីតាសកម្ពុជា បានផ្តល់ធុងទឹកចំណុះ ២,០០០លីត្រ ចំនួន៨ ប្រព័ន្ធចម្រោះទឹកស្អាតបំពាក់ជាមួយធុងទឹកចំនួន ៦អូប័រចំនួន ៤គ្រឿង និងបង្គន់អនាម័យចំនួន ៣ បំពាក់ជាមួយប្រព័ន្ធភ្លើងសូឡា។

ក្នុងនាមរាជរដ្ឋាភិបាល ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អង្គការការីតាសកម្ពុជា ដែលបានចូលរួមជាកម្លាំងសាមគ្គីមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អង្គការការីតាសកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារមនុស្សធម៌ និងការអភិវឌ្ឍ ហើយនាថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ អង្គការ នឹងបន្តផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០០គ្រួសារបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋនៅស្រុកលំផាត់៕