(ស្វាយរៀង)៖ ក្នុងសិក្ខាសាលាស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យរបស់គណៈកម្មាធិការប្រយុទ្ធ នឹងជងឺអេដស៍ ខេត្តស្វាយរៀង ឆមាសទី២ ឆ្នាំ២០១៩ ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា អ្នកឆ្លងជំងឺអេដស៍នៅខេត្តស្វាយរៀងថយចុះហើយ។

ថ្លែងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ត្រី អៀង មូលី បានបន្តថា ទោះបីអត្រាអ្នកឆ្លងជំងឺអេដស៍ នៅខេត្តស្វាយរៀង មានការថយចុះក៏ពិតមែន តែមិនត្រូវមើលស្រាលនោះទេ ដូច្នេះមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តសកម្មភាពប្រយុទ្ធ នឹងជំងឺអេដស៍ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីចូលរួមសម្រេចគោលដៅថ្នាក់ជាតិ ៩៥-៩៥-៩៥ ឆ្នាំ២០២០ និងឈានទៅលុបបំបាត់ការឆ្លងថ្មី ឆ្នាំ២០២៥-២០៣០។

លោក អៀង មូលី ក៏បានថ្លែងនូវការកោតសរសើរ ដល់គណៈកម្មាធិការប្រយុទ្ធ និងជំងឺអេដស៍ខេត្ត និងអង្គភាពដែលពាក់ព័ន្ធទាំងអស់ នៅក្នុងខេត្តដែលបានចូលរួមអនុវត្តភារកិច្ច និងសកម្មភាពយ៉ាងផុសផុល ប្រយុទ្ធនឹងជំងឺអេសដស៍ ដែលធ្វើឲ្យអត្រាអ្នកឆ្លងជំងឺនេះថយចុះ។

បើតាមការបញ្ជាក់ពី លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្ត បានឲ្យដឹងថាស្ថាន ភាពរាលដាលនៃមេរោគអេដស៍ ក្នុងខេត្តស្វាយរៀង តាមការប៉ាន់ស្មាន និងព្យាករណ៍ នៅឆ្នាំ២០១៩ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៧៩១នាក់ ករណីឆ្លងថ្មី ១៤នាក់ និងស្លាប់៧៧នាក់។

ក្នុងការឆ្លើយតបនឹងការបង្ការ និងថែទាំព្យាបាលដល់ អ្នកជំងឺអេដស៍ឆមាសទី១ ឆ្នាំ២០១៩នេះ មានសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ មានអតិថិជនធ្វើតេស្តចំនួន១២៨២២នាក់ វិជ្ជមានចំនួន ៣៣ ករណី និងបានបញ្ជូនទៅទទួលសេវា ផ្តល់ឱសថប្រឆាំងមេរោគអេដស៍ ចំនួន៣០នាក់ ត្រូវជា ៩០ភាគរយ និងអ្នកជំងឺអេដស៍សកម្ម កំពុងទទួលសេវា សរុបមានចំនួន ១៣៩៥នាក់ ក្នុងនេះអ្នកទទួលឱសថប្រឆាំងមេរោគអេដស៍ ចំនួន១៣៩៣នាក់ ៩៩ភាគរយ មានបន្ទុកមេរោគទាប ស្លាប់១៥នាក់ និងលះបង់៥នាក់។

លោកបានបញ្ជាក់ថា បណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំខេត្ត គ្រប់គ្រងអ្នកជំងឺអេដស៍ចំនួន ១៣២៧នាក់ ក្នុងនោះ មាន២៣៥គ្រួសារ មានបណ្ណលនិធិសមធម៌។ លោកបន្តថា លោកក៏មានបញ្ហាប្រឈមមួយចំនួន ដូចជា អ្នកផ្ទុកមេរោគអេដស៍/ អ្នកជំងឺអេដស៍ នៅមានជីវភាពក្រីក្រ ពុំមានពេលវេលាគ្រប់គ្រាន់ពិនិត្យ ដោយសារចំណាកស្រុករកការងារ ហើយអង្គការដៃគូមួយចំនួន មានកាត់បន្ថយថវិកា ពីមួយឆ្នាំទៅមួយឆ្នាំ ដែលពុំមានថវិកាគ្រប់គ្រាន់ ក្នុងការអនុវត្តសកម្មភាព ឱ្យបានគ្រប់ជ្រុងជ្រោយ៕