(កំពង់ធំ)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការ អនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែសីហា និងដាក់ទិសដៅអនុវត្តន៍ប្រចាំខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការដ្ឋាន មេបញ្ជាការ ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ជាច្រើនរូបផងដែរ។

លោកអនុសេនីយ៍ឯក ហែម សុភាព នាយការិយាល័យផែនការ បានអានរបាយការណ៍ជូនអង្គពិធីបានជ្រាប់ ដែលមានដូចជា៖

*សភាពការបទល្មើស៖ បទល្មើសកើតឡើងសរុបចំនួន ៣៤លើក ក្នុងនោះ (បទមជ្ឃឹម ៣៣លើក បទឧក្រិដ្ឋ១លើក) ករណីរំលោភសេពសន្ថេវចំនួន ១លើក ចោរលួច ៤លើក អំពើហឹង្សា ១លើក បទល្មើសនេសាទ ១១លើក បទល្មើសព្រៃឈើ ១៦លើក ជីកប្រឡាយខុសច្បាប់ ១លើក
*ការងារសណ្តាប់ធ្នាប់៖ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៣លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៨នាក់ រងរបួសចំនួន ១៣នាក់ សម្ភារៈខូចខាតរួមមាន៖ រថយន្តចំនួន ៤គ្រឿង ម៉ូតូចំនួន ១១គ្រឿង
*សភាពការណ៍គ្រោះមហន្តរាយ៖ កើតឡើងចំនួន ៣ករណី ស្មើរនិង ៨លើក (ករណីខ្យល់កន្ត្រាក់កើតមានឡើងចំនួន ៤លើក បណ្តាលឲ្យប៉ើងដំបូលផ្ទះ ៦ខ្នង សាលាឃុំ ១ខ្នង រោងស្នាក់នៅ ១ខ្នង និងរបួសមនុស្សចំនួន ៣នាក់)។ ករណីរន្ទះបាញ់កើតឡើងចំនួន ២លើក បណ្តាលឲ្យមនុស្សស្លាប់១នាក់ របួស១នាក់, ករណីអគ្គីភ័យកើតឡើងចំនួន ២លើក បណ្តាលឲ្យឆេះផ្ទះ ៣ខ្នង ឆេះរោងស្នាក់នៅ១ខ្នង និងបាត់បង់ថវិការសម្ភារៈប្រើប្រាស់មួយចំនួនទៀត
*លទ្ធផលការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម៖ ការពាររក្សាសណ្តាប់ធ្នាប់ជូនគណៈប្រតិភូជាតិ អន្តរជាតិ ពិធីសម្ភោធសមិទ្ធិផលនានា របស់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងពិធីផ្សេងៗ ដោយប្រើប្រាស់កម្លាំង ១៤៧៥នាក់ រថយន្តចំនួន ៣០៤គ្រឿង ទោចក្រយានយន្តចំនួន ៣៩០គ្រឿង ធ្វើសកម្មភាពចំនួន ២៦៩លើក លើ ២៥៥គោលដៅ។
*លទ្ធផលសង្គ្រោះ៖ ធ្វើសកម្មភាពចំនួន ២លើក ប្រើប្រាស់កម្លាំងសរុបចំនួន ៣២នាក់ រថយន្ត ៤គ្រឿង ទោចក្រយានយន្តចំនួន ៨គ្រឿង ជួយប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ
*ស្រាវជ្រាវបទល្មើស៖ បង្ក្រាបជាក់ស្តែងបានចំនួន ៣៨លើក។ ម្ចាស់ការបង្ក្រាប់ចំនួន ២ករណី ស្មើរនិង៨លើក សហការបង្ក្រាប់បានចំនួន ៦៧លើក។

ជាចុងបញ្ចប់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាប្រធានអង្គប្រជុំបានមានមតិបូកសរុប និងដាក់ចេញនូវទិសដៅការងារអនុវត្តន៍បន្តប្រចាំខែកញ្ញា ឆ្នាំ២០១៩ ដោយផ្តោតសំខាន់លើបញ្ហាមួយចំនួនដូចជា ស្រាវជ្រាវ ពង្រឹងនូវរាល់ព័ត៌មានទាក់ទងទៅ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម, ស្រាវជ្រាវបង្ក្រាបរាល់បទល្មើស ជាពិសេសបទល្មើសព្រហ្មទណ្ឌ , ត្រៀមកម្លាំងមធ្យោបាយសម្រាប់ធ្វើអន្តរាគមន៍ ការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់សង្គម បង្ក្រាបបទល្មើស និងជួយសង្គ្រោះគ្រោះមហន្តរាយ, ពង្រឹងគុណភាពអប់រំហ្វឹកហ្វឺន បណ្តុះបណ្តាលបំប៉នជំនាញផ្សេងៗ, ត្រៀមកម្លាំងសម្រាប់ការពារនិងអន្តរាគមន៍ក្នុងពិធីផ្សេងៗ, អប់រំស្មារតី ក្តាប់ជាប់ម៉ឺងម៉ាត់នូវវិន័យលើកកំពស់ស្មារតី ប្រុងប្រយ័ត្ននូវរាល់ការញុះញុងបំបែកបំបាក់សាមគ្គីភាពគ្នា ពិសេសបដិវត្តន៍ពណ៍៕