(ភ្នំពេញ)៖ ខណៈដែលក្រសួងសុខាភិបាល កំពុងតែខិតខំប្រឹងប្រែងកែទម្រង់វិស័យសេវាសុខាភិបាល ឱ្យកាន់តែភាពល្អប្រសើរឡើង ប្រកបដោយគុណភាពខ្ពស់ ជូនប្រជាពលរដ្ឋ និងកំពុងអនុវត្ដការថែទាំសុខភាពបឋម និងការគ្របដណ្ដប់សុខភាពជាសកល ដូច្នេះ ក្រសួងត្រូវការអង្គការដៃគូបន្ដជួយគាំទ្រ និងឧបត្ថម្ភបន្ថែមទៀតទាំងបច្ចេកទេស ការបណ្ដុះបណ្ដាល និងថវិកា។ នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ការថ្លែងបែបនេះ របស់លោកស្រីរដ្ឋលេខាធិការ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល ក្នុងកម្មវិធី «ការបង្កើនល្បឿនឆ្ពោះទៅរកការគ្របដណ្ដប់ សុខភាពជាសកល» នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ។

លោកស្រីរដ្ឋលេខាធិការ ឱ វណ្ណឌីន បានថ្លែងបន្ដថា «សព្វថ្ងៃនេះ ក្រសួងសុខាភិបាល កំពុងតែធ្វើការកែទម្រង់វិស័យសុខាភិបាល ដែលតំរូវការឱ្យមានធនធានបន្ថែមទៀត។ ទន្ទឹមនឹងនោះ យើងកំពុងតែធ្វើឱ្យល្អប្រសើរឡើងនូវការផ្ដល់សេវាសុខាភិបាល ដែលជាចំនុចមិនអាចខ្វះ, ក្នុងនោះការគ្របដណ្ដប់សុខភាពសកល ជាផ្នែកមួយពង្រឹងដល់វិស័យសុខាភិបាល គឺប្រព័ន្ធបញ្ជូនអ្នកជំងឺ ដែលកំពុងតែសិក្សាពិចារណាជាមួយអ្នកជំនាញ ក៏ដូចជាស្នើសុំឱ្យមានការជួយផ្ដល់ប្រឹក្សា ពីអង្គការសុខភាពពិភពលោក រួមទាំងដៃគូផ្សេងៗទៀត ដើម្បីជួយអភិវឌ្ឍបាននូវគោលការណ៍នាំណែប្រតិបត្ដិ សម្រាប់ការគ្រប់គ្រងប្រព័ន្ធបញ្ជូនជំងឺ ក្នុងវិស័យសុខាភិបាលនេះ»

លោកស្រី បានថ្លែងបន្ដថា «ក្រសួងនឹងកែទម្រង់វិស័យសុខាភិបាលជាច្រើនផ្សេងទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់រូប មានលទ្ធភាពទទួលសេវាសុខាភិបាល ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសក្នុងការអនុវត្ដនូវកម្មវិធីបង្កើនការផ្ដល់សេវា ជូនដល់ប្រជាពលរដ្ឋយើង ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងសមធម៌»

លោកស្រី ឱ វណ្ណឌីន ថ្លែងបន្ដថា ស្របទៅបរិបទការជំរុញការបង្កើនល្បឿនឆ្ពោះ ទៅរកការគ្របដណ្ដប់សុខភាពជាសកល ក្រសួងសុខាភិបាល និងដៃគូ បានផ្ដួចផ្ដើមនូវកម្មវិធីប្រឡងប្រណាំងមណ្ឌលសុខភាព នៅតាមស្រុកប្រតិបត្ដិឡើង ដែលអនុវត្ដន៍ទៅលើខេត្ដចំនួន៣ គឺខេត្ដ កំពង់ធំ កំពង់ស្ពឺ និងខេត្ដកំពត។ ដោយការអនុវត្ដន៍នេះ ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ ក៏ដូចជាចំនុចសូចនករសំខាន់ៗធ្វើឱ្យកាន់តែល្អប្រសើរឡើង ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅតាមស្រុកប្រតិបត្ដិចំនួន៣ ក្នុងខេត្ដចំនួន៣នេះ។ ក្នុងការអនុវត្ដន៍នេះមានរយៈពេល ៦ខែ ចាប់ពីខែតុលា ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០១៩ បានត្រូវបញ្ចប់ និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត ហើយថ្ងៃនេះយើង បានផ្ដល់រង្វាន់លើកទឹកចិត្ដ ជូនដល់មណ្ឌលសុខភាពដែលទទួលបានជយលាភីផងដែរ។

ជាងនេះទៅលោកស្រីបញ្ជាក់ថា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក នឹងពិចារណាបន្ថែមទៀតទៅលើការប្រារព្ធកម្មវិធីនេះ ទៅតាមស្រុកប្រតិបត្ដិផ្សេងៗទៀត នៅតាមបណ្ដាលខេត្ដនោះ។ ទោះជាយ៉ាងណាក្ដី ក្រសួងសុខាភិបាល បានប្ដេជ្ញាចិត្ដ ក្នុងការធ្វើការកែលម្អក្នុងការផ្ដល់សេវានេះបន្ថែមទៀត ដោយកន្លែងដែលធ្វើបានល្អហើយ យើងធ្វើឱ្យកាន់តែល្អ កន្លែងណានៅស្ទើរយើងនឹងធ្វើឱ្យល្អបំផុត គឺបន្ដធ្វើរហូត ដើម្បីផ្ដល់នូវគុណភាពសេវា កាន់តែល្អ និងទំនើប ជូនប្រជាពលរដ្ឋយើង ៕