(កំពង់ឆ្នាំង)៖ ក្រៅពីរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង និងរមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ, «ទឹកធ្លាក់ថ្មក្រាល» គឺរមណីយដ្ឋានធម្មជាតិដ៏ល្អមួយ នាទឹកដីខេត្តកំពង់ឆ្នាំង ប៉ុន្តែភ្ញៀវទេសចរ មិនសូវមានអ្នកស្គាល់នោះទេ ព្រោះរមណីយដ្ឋានធម្មជាតិមួយនេះ បានសំងំលាក់ខ្លួនយ៉ាងជ្រៅ ទម្រាំគេអាចបង្កើតផ្លូវទៅដល់ទីនោះបាន។

រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពងឆ្នាំង។ បើគេធ្វើដំណើរចេញពីរាជធានីភ្នំពេញ លើផ្លូវជាតិលេខ៥ រហូតទៅដល់ស្រុកទឹកផុស ម្តុំសាលាលេខ៥នោះ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតនៅទិសដៅខាងឆ្វេងដៃផ្លូវនេះ ពោលរមណីយដ្ឋាននេះ ស្ថិតនៅភាគខាងលិច នៃខេត្តកំពង់ឆ្នាំង ប្រមាណ៥០គីឡូម៉ែត្រ។

លោក ហែល អឿន ប្រធានសហគមន៍រមណីយដ្ឋានធម្មជាតិថ្មក្រាល បានថ្លែងភ្នាក់ងារ Fresh News ឱ្យដឹងថា ការចង់ទៅកម្សាន្តនៅរមណីយដ្ឋាន ធម្មជាតិទឹកធ្លាក់ថ្មក្រាល មិនមែនជាការលំបាកអ្វីឡើយ ព្រោះសហគមន៍នៃតំបន់នោះ បានបង្កើតផ្លូវធ្វើដំណើរយ៉ាងងាយស្រួល។ អ្នកទេសចរ អាចប្រើម៉ូតូ ឬរថយន្តក៏បាន ក្នុងការបើកលើផ្លូវកៅស៊ូពណ៌ខ្មៅ និងបន្តដំណើរលើផ្លូវគ្រួសក្រហម រហូតដល់ទីតាំងគួរជាទីមនោរម្យមួយនេះ។

លោកបន្តថា «លោកប៉ក់ មានគ្រឿងចក្រកែសម្រួលផ្លូវ ហើយយើងបានរៃលុយគ្នាដាក់លូ ដើម្បីសម្រួលភ្ញៀវទេសចរ ពេលបើករថយន្តមកទស្សនា តំបន់ទេសចរណ៍នេះ។ ភ្ញៀវបានកើនឡើងបន្តិចៗម្តង ចាប់តាំងពីឆ្នាំ២០១៨មក ដោយសារពួកយើងបានសហការជាមួយឃុំ ដើម្បីរកកញ្ចប់ថវិកាមកពីសប្បុរសជនផ្សេងៗ... រាល់ថ្ងៃវាមិនបានជោគជ័យ ប៉ុន្តែឡានតូច ឡានធំអី អាចមកបាន»។

ក្រៅពីមូលនិធិសប្បុរជន ថ្នាក់ដឹកនាំតាមថ្នាក់ក៏បានចាប់ផ្តើមគិតគូរ ដើម្បីជួយរៀបចំរមណីដ្ឋានមួយនេះ។ នេះជាការអះអាងរបស់លោក ហែល អឿន បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ដែលបានចុះដល់ទីតាំង រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាលដោយផ្ទាល់។

លោកថ្លែងថា «ឥឡូវគាត់យកចិត្តទុកថាមែនទែន នៅតំបន់នេះ តាំងពីសន្តិសុខភ្ញៀវ តាំងពីការរៀបចំអីហ្នឹង គាត់ជួយចាត់ចែងពួកយើង។ ការរៀបចំដូចជា សណ្តាប់ធ្នាប់ ការលក់ដូរ កុំឱ្យកេងចំណេញ លើភ្ញៀវហួសហេតុពេក»

បើនិយាយពីបរិវេណជុំវិញ ទាំងចំណតរថយន្ត និងទីធ្លាកម្សាន្ត មានអនាម័យល្អ។ ជារៀងរាល់ល្ងាច តែងតែមានប្រជាសហគមន៍ ដើរប្រមូលសំរាមពីធុងសំរាម នៅតាមអមសងខាងផ្លូវ ដើម្បីកុំឱ្យមើលទៅកខ្វក់ ប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ។

ក្នុងសម្លៀកបំពាក់ជាអ្នកការពារសុវត្ថិភាព, លោក យ៉ែម សៅ ប្រធានសន្តិសុខនៃសហគមន៍រមណីយដ្ឋានធម្មជាតិថ្មក្រាល បានរៀបរាប់ថា ភ្ញៀវទេសចកម្សាន្តរមណីយដ្ឋាននេះ មិនបាច់ព្រួយបានរម្ភ រឿងសុវត្ថិភាពផ្ទាល់ខ្លួនអ្វីឡើយ ព្រោះសហគមន៍មានប្រជាការពារ ២៤ម៉ោង។

លោក យ៉ែម សៅ បានបញ្ជាក់ឱ្យដឹងថា «សន្តិសុខ សណ្តាប់ធ្នាប់នៅកន្លែងនេះ យើងមើលអត់មានបង្កបញ្ហាអីទេ...។ មូលដ្ឋានខ្ញុំផ្ទាល់ បើថ្ងៃសៅរ៍អាទិត្យ ខ្ញុំនិយាយជាមួយឃុំ ស្រុក ឱ្យជួយកម្លាំងបន្ថែម យើងល្បាតវិលជុំ ២៤ម៉ោងលើ២៤ម៉ោង»

ទន្ទឹមនឹងនេះ អាជីវករលក់ដូរម្នាក់នៅតំបន់រមណីយដ្ឋាននោះឈ្មោះ គីម នាង បានឱ្យដឹងដែរថា អាហារហូបក្តី ទំនិញក្តី ត្រូវបានលក់សមរម្យ មិនថ្លៃហួសហេតុ ក្នុងការកេងចំណេញអ្នកដំណើរទេ។ លោកស្រីថា ការលក់មិនថ្លៃលើសរមណីយដ្ឋានផ្សេង គឺជាគោលការណ៍មួយ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។

លោកស្រី គីម នាង បានបញ្ជាក់ថា «ទំនិញសម្រាប់លក់ជូនភ្ញៀវទេសចរ មិនថ្លៃលើសពីទីផ្សារនោះទេ។ ការមិនលក់លើសតម្លៃទីផ្សារ ព្រោះជាការណែនាំពីប្រធានសហគមន៍ ដើម្បីកុំឱ្យភ្ញៀវទេសចរមានការខឹងសម្បារ»

ទាញអារម្មណ៍មកមើលពីផ្លូវចូលតំបន់ទេសចរណ៍វិញ សម្រាប់រដូវវស្សា ដែលជារដូវប្រជាកសិករដាំដុះស្រូវនោះ នៅតាមដងផ្លូវពោរពេញទៅដោយ ដើមស្រូវខៀវស្រងាត់ បន្ស៉ីភ្នែកអ្នកដំណើរ ឱ្យចាប់ភ្លឹកមើលមិនដាក់ភ្នែក ក្រោមផ្ទៃមេឃស្រអាប់ៗ។ អមដោយផ្ទះប្រជាពលរដ្ឋមួយៗជាហូរហែរ គឺជាផ្ទាំងទស្សនីភាពដ៏ល្អ សម្រាប់បម្រើអារម្មណ៍ បំបាត់ពីភាពនឿយហត់ពីការងារ ឬការសិក្សាបានទៀតផង។

លោក ហែល អឿន ប្រធានសហគមន៍រមណីយដ្ឋានធម្មជាតិថ្មក្រាល បានថ្លែងទៀតថា តំបន់ទេសចរណ៍មិនសូវល្បីល្បាញមួយនេះ មានទឹកសម្រាប់លេងកម្សាន្តយ៉ាងត្រជាក់ គ្រប់រដូវកាលទាំងអស់។ លោកបន្តថា «បើគិតជាល្បឿនរបស់ទឹក វាអត់មានស្រកក្រៅពីនេះទេ តាំងពីប្រាំង តាំងពីវស្សា»

អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតដែរនោះ គឺដើមឫស្សីព្រិច ដែលដុះនៅទីនោះមានរាងកោងៗ ជារង្វង់ស្វ៊ែរត្រូវបានរៀបចំឡើងដោយធម្មជាតិសុទ្ធសាធ។ យប់ឡើង មានប្រភេទផ្សិតម្យ៉ាង ដែលចេញពន្លឺផ្លេកៗ អមដោយស្នូរទឹកហូរ ថែមទាំងសម្លេងសត្វព្រៃយំ គួរឱ្យនឹកស្រម៉ៃមិនជិនណាយ។

លោក ហែល អឿន បានថ្លែងបញ្ជាក់ទៀតថា «បើយើងចង់ឱ្យស្រួល គយគន់ឱ្យសប្បាយពេលយប់ឡើង ខែនេះមានផ្សិតភ្លឺ។ យប់ឡើងវាភ្លឺតាមគុម្ពឬស្សី វាចេញពន្លឺរបស់វា។ យប់ឡើងយើងលឺសម្លេងទឹកហូរ ស្តាប់សម្លេងសត្វយំ គួរឱ្យជាប់ចិត្ត»

ភ្ញៀវទេសចរកំពុងលេងកម្សាន្ត នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល

ផ្លូវចូលទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល នាពេលព្រឹកព្រលឹម

ទិដ្ឋភាពមេឃរកកលភ្លៀង តាមផ្លូវទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល

ភ្ញៀវទេសចរច្នៃចង្ក្រានធ្វើពីឬស្សី ដើម្បីអាំងសាច់មាន់

ភ្ញៀវទេសចរកំពុងថតរូបកម្សាន្ត នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល

ស្លាកបង្ហាញឈ្មោះតំបន់ទេសចរណ៍ទឺកធ្លាក់ថ្មក្រាល ត្រូវបានសរសេរលើបន្ទះឈើ

ពាក្យស្លោកត្រូវបានដាក់តាំង នៅបរិវេណរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល

តូបអាជីវកររបស់លោកស្រី គីម នាង បង្ហាញតម្លៃលក់សាច់មាន់

រូបភាពមាន់មួយចំនួនដាក់លើចានដែក ដែលត្រូវបានដាក់ថតដោយអ្នកទេសចរ

បរិវេណដាក់យានយន្ត នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល