(ភ្នំពេញ)៖ លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ជាមួយនឹងក្មួយប្រុសរបស់ខ្លួនម្នាក់ទៀត ពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេសអារ៉ាប់។ នេះបើយោងតាមការសម្រេចរបស់លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅរសៀលថ្ងៃនេះ។

សម្រាប់ជនជាប់ចោទទាំងពីរនាក់ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ចំនួន១៥ឆ្នាំ និងពិន័យជាទឹកប្រាក់ ចំនួន២០០លានរៀល ដោយត្រូវសងទៅជនរងគ្រោះម្នាក់ ១២០លានរៀល និងម្នាក់ទៀត ៨០លានរៀល។

យោងតាមសេចក្ដីរាយការណ៍របស់លោក ជួន សុជាតិ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការបានឲ្យដឹងថា កាលពីព្រឹកមិញ តុលាការបានបើកការជំនុំជម្រះទៅលើជនជាប់ចោទ អ៊ីស្មាអែល ពិនឧស្ម័ន ដែលជាក្មួយប្រុសរបស់លោក អះម៉ាត់ យ៉ះយ៉ា ហើយពេលនោះ លោក អះម៉ាត់ យ៉ះយ៉ា ក៏បានចូលរួមស្ដាប់សវនាការ លុះពេលចប់សវនាការ និងក្រោយពេលតុលាការប្រកាស ផ្ដន្ទាទោសនោះ លោក អះម៉ាត់ យ៉ះយ៉ា ក៏ត្រូវបានចាប់ខ្លួនតែម្ដង បញ្ជូនទៅកាន់ពន្ធនាគារ។

សូមបញ្ជាក់ថា ក្មួយបង្កើតលោក អះម៉ាត់ យ៉ះយ៉ា គឺលោក អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួន ពាក់ព័ន្ធករណីនាំពលករទៅធ្វើការខុសច្បាប់ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

មន្ដ្រីនគរបាលបញ្ជាក់ថា ​កាលពីអំឡុងឆ្នាំ២០០៤ ជនសង្ស័យខាងលើ​បានឃោសនាក្នុងភូមិថា ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ត្រូវជាពូរបស់ខ្លួន ត្រូវការជ្រើសរើសពលការិនីបញ្ជូន ទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ប្រាក់ឈ្នួល​២២០ដុល្លារអាមេរិច កិច្ចសន្យាការងាររយៈពេល២ឆ្នាំ ចំពោះឯកសារ​បែបបទ លិខិតឆ្លងដែន និងសោហ៊ុយធ្វើដំណើរ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ជាអ្នកចំណាយ​។​

បន្ទាប់មកបានអូសទាញពលរដ្ឋក្នុងភូមិ​២នាក់ ក្រោយមកបានចំនួន​២០នាក់ទៀត ហើយនាំទៅប្រគល់ឲ្យលោក អះម៉ាត់ យ៉ះយ៉ា ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ ពេលនោះជនរងគ្រោះត្រូវបានលោក អះម៉ាត់ យ៉ះយ៉ា ក្លែងអត្តសញ្ញាណដោយប្រើឯកសារ ហើយបានបញ្ជូនទៅធ្វើជាស្រ្តីបម្រើតាមផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ។

នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ជនរងគ្រោះត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម បិទសិទ្ធសេរីភាព ហើយ​ត្រូវបានគេលក់ទៅថៅកែជាម្ចាស់ទី១ ទៅថៅកែទី២ ក្នុងតម្លៃ​២០,០០០ដុល្លារ ឲ្យធ្វើការងារផ្ទះ ហើយរងការរំលោភផ្លូវភេទ និងមិនទទួលបានប្រាក់ឈ្នួលតាំងពីពេលបញ្ជូនទៅ រហូតដល់អំឡុងខែសីហា ឆ្នាំ២០១៧​។

មន្ដ្រីនគរបាលប្រឆាំងការជួញដូរមនុស្ស បន្ថែមថា ជនរងគ្រោះចំនួន​ ២នាក់ត្រូវបានជួយសង្គ្រោះពីពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សង្រ្គោះមកកម្ពុជាវិញ​៕