(ភ្នំពេញ)៖ បណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត រួមមានក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍សាទរ និងគាំទ្រ ចំពោះចំណាត់ការរបស់ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ក្នុងកិច្ចការបង្ក្រាបបទល្មើសព្រៃឈើ និងការស្តារព្រៃឡើងវិញ។

ទន្ទឹមនឹងនេះ បណ្តាញសហគមន៍ព្រៃឡង់ បានជំរុញឱ្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានវិធានការបិទរោងម៉ាស៊ីនអារ កែច្នៃឈើ និងផលិតក្តារបន្ទះ របស់ក្រុមហ៊ុន ស៊ីង បាយអូថក (ខេមបូឌា) ខូអិលធីឌី នៅចំណុចភូមិសាស្ត្រភូមិកំពង់ដំរី ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះមួយថែមទៀត។

ក្នុងសេចក្តីថ្លែងការណ៍របស់ បណ្តាញសហគមន៍ព្រៃឡង់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានឱ្យដឹងថា៖ នៅក្នុងរយៈពេលថ្មីៗនេះ យើងខ្ញុំបានសង្កេតឃើញថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លា រហូតមានការចាប់ខ្លួនមេជួញដូរឈើធំៗ និងមន្ត្រីដែលពាក់ព័ន្ធបទល្មើសជាច្រើននាក់ ការបិទទីតាំងស្តុកឈើ រោងម៉ាស៊ីនកែឆ្នៃឈើ និងរោងសិប្បកម្មកែឆ្នៃឈើជាច្រើនកន្លែង ការរឹបអូសឈើជាច្រើនពាន់ម៉ែត្រគូប និងការរឹបអូស និងកំទេចមធ្យោបាយកាប់ និងដឹកជញ្ជូនឈើជាច្រើនរយគ្រឿង។ សកម្មភាពបង្ក្រាបទាំងនេះ បាននិងកំពុងបន្តជាហូរហែឥតស្រាកស្រាន្ត ដើម្បីការពារព្រៃឈើដែលនៅសេសសល់។

បណ្តាញសហគមន៍ព្រៃឡង់ ក៏បានសង្កេតឃើញថា ស្របពេលសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើកំពុងបន្តជាហូរហែ គឺសកម្មភាពដឹកនាំការដាំកូនឈើឡើងវិញជាច្រើនម៉ឺនដើម ដោយក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត បានបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុអភិរក្សធនធានធម្មជាតិនៅកម្ពុជា។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា «យើងខ្ញុំជឿជាក់យ៉ាងមុតមាំ ចំពោះសកម្មភាពស្តារព្រៃឈើឡើងវិញ និងវិធានការបង្ក្រាបបទល្មើសព្រៃឈើ នឹងនៅតែបន្តរហូតបញ្ចប់រាល់បទល្មើសគ្រប់រូបភាព និងសង្ឃឹមយ៉ាងមុតមាំចំពោះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងមានវិធានការបិទរោងម៉ាស៊ីនអារ កែច្នៃឈើ និងផលិតក្តារបន្ទះ របស់ក្រុមហ៊ុន ស៊ីង បាយអូថក (ខេមបូឌា) ខូអិលធីឌី នៅចំណុចភូមិសាស្ត្រភូមិកំពង់ដំរី ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ»។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានស្វាគមន៍ ចំពោះសេចក្តីថ្លែងការណ៍របស់ប្រជាពលរដ្ឋស្រលាញ់ធនធានធម្មជាតិ «ក្រុមបណ្តាញសហគមន៍ព្រៃឡង់» ដែលទទួលស្គាល់ការពិត និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងការការពរនិងគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ។

លោកអះអាងថា៖ «ការបង្ក្រាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិជាកិច្ចការដែលក្រសួងបរិស្ថានរួមនឹងអាជ្ញាធរមានសមត្ថកិច្ច បានអនុវត្តជាប្រចាំក្នុងក្របខណ្ឌនៃការអនុវត្តច្បាប់ និងអភិរក្សជីវៈចម្រុះឱ្យបានគង់វង្ស។ ជនល្មើសត្រូវប្រឈមមុខច្បាប់ ហើយការអនុវត្តច្បាប់នេះមិនរើសមុខឡើយ។ ក្រសួងបរិស្ថានបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងទៀត ហើយការចូលរួមរបស់ប្រជាពលរដ្ឋ និងសហគមន៍ជាការចាំបាច់ ដើម្បីការពារធនធនធម្មជាតិ និងជីវៈចម្រុះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៀត»