(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ ស្ដីពី «សុវត្ថិភាពអគ្គិភ័យ ក្នុងព្រះរាជាណាចក្រកម្ពុជា» ដើម្បីផ្សព្វផ្សាយឲ្យមានការយល់ដឹងទូលំទូលាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីលក្ខខណ្ឌ និងវិធានការនានា ដើម្បីបង្ការ ទប់ស្កាត់គ្រោះអគ្គិភ័យ និងអំពីចំណាត់ថ្នាក់សំណង់ ដែលតម្រូវឲ្យគ្រប់គោលដៅ ត្រូវមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា បន្ទាប់ពីការស្រាវជ្រាវ និងសិក្សាដោយមន្ដ្រីជំនាញផ្នែកបង្ការ និងពន្លត់អគ្គិភ័យ បានរកឃើញថា អគារខ្ពស់ៗមួយចំនួន ដែលកំពុងសាងសង់ និងដំណើរការនៅក្នុងប្រទេសកម្ពុជា មិនមានច្រកសុវត្ថិភាព សម្រាប់គេចខ្លួន នៅពេលមានគ្រោះអគ្គិភ័យកើតឡើងនោះឡើយ។

លោក អ៊ុក គឹមលេខ បានគូសបញ្ជាក់ថា ក្រៅពីច្រកសម្រាប់គេចខ្លួន នៅពេលមានគ្រោះអគ្គិភ័យកើតឡើង គ្រប់អគារទាំងអស់នោះ ក៏ត្រូវតែបំពាក់សម្ភារ សម្រាប់បង្ការ និងពន្លត់អគ្គិភ័យ ដោយខ្លួនឯងផងដែរ ដើម្បីងាយស្រួលក្នុងការអន្ដរាគមន៍ នៅពេលមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ។ លើសពីនេះ គ្រប់អគារទាំងអស់ក៏ត្រូវតែបំពាក់នូវស៊ីរ៉ែន ប្រកាសអាសន្ន ដើម្បីផ្ដល់ដំណឹងដល់អ្នកនៅខាងក្នុងអគារ បានដឹងនៅពេលមានហេតុការណ៍កើតឡើង។

ឆ្លើយតបទៅនឹងបញ្ហានេះ មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកលើការងារសុវត្ថិភាពអគ្គិភ័យរូបនេះ ក៏បានបង្ហាញនូវវិធានការ ចំពោះមុខចំនួន៣ចំណុចផងដែរ សម្រាប់ម្ចាស់ទីតាំង អគារផ្សេងៗ ត្រូវតែអនុវត្ត៖

ទី១៖ ដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យ៖ ការសាងសង់អគារត្រូវតែគោរពបទដ្ឋានបច្ចេកទេសរបស់អគ្គិភ័យ មានន័យថា នៅពេលសាងសង់ត្រូវបំពាក់ សម្ភារទាំងឡាយ ដែលអ្នកជំនាញអគ្គិភ័យបានកំណត់។

ទី២៖ សម្រាប់ប្រតិបត្តិការសង្គ្រោះ៖ អគារខ្ពស់ត្រូវតែមានច្រកសម្រាប់គេចខ្លួន នៅពេលមានគ្រោះអគ្គិភ័យកើតឡើង ខណៈមកទល់ពេលនេះ អគារខ្ពស់ៗមួយចំនួន មិនទាន់មានច្រកសង្គ្រោះនេះទេ ហើយស៊ីរ៉ែនប្រកាសអាសន្នក៏មិនទាន់បំពាក់ ដែលជាហេតុនាំឲ្យអ្នកនៅខាងក្នុងអគារមិនដឹង នៅពេលមានគ្រោះថ្នាក់កើតឡើង។

ទី៣៖ ការតបណ្ដាញអគ្គិសនី ត្រូវតែរកអ្នកដែលមានជំនាញច្បាស់លាស់លើបញ្ហានេះ ដើម្បីជៀសវាងមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ដោយសារការឆ្លងចរន្ដអគ្គិសនី។ ប្រសិនបើក្រសួងរកឃើញថា អ្នកដែលតបណ្ដាញទាំងអស់នោះ មិនមានជំនាញច្បាស់លាស់ ហើយពេលមានគ្រោះថ្នាក់កើតឡើង បុគ្គលិកនឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

លោក អ៊ុក គឹមលេខ បានសង្កត់ធ្ងន់ទៀតថា រាល់ម្ចាស់ទីតាំងអគារទាំងឡាយណា មិនគោរពទៅតាមបទដ្ឋាន ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ម្ចាស់ទីតាំងអស់នោះ នឹងត្រូវប្រឈមមុខជាមួយការទទួលខុសត្រូវ ដែលកំណត់ដោយច្បាប់។

យ៉ាងណាក៏ដោយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនផងដែរ សម្រាប់ក្រុមប្រតិបត្តិការបង្ការ និងពន្លត់អគ្គិភ័យ នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា បច្ចុប្បន្នអគារខ្ពស់មានការកើនឡើងយ៉ាងច្រើន គួរឲ្យកត់សម្គាល់ និងឆាប់រហ័ស ខណៈដែលសម្ភារសម្រាប់ សង្គ្រោះរបស់សមត្ថកិច្ចនៅមានកម្រិតនៅឡើយ ដូច្នេះហើយទើបតម្រូវឲ្យម្ចាស់អគារត្រូវតែគោរពទៅតាមបទដ្ឋាននៅពេលសាងសង់។

គួរជម្រាបថា យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០១៩ គ្រោះអគ្គិភ័យបានកើតឡើងនៅទូទាំងប្រទេសចំនួន៤២៩លើក/៣៥១លើក បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ មានការកើនឡើង៧៨លើក។

អគ្គស្នងការរងនគរបាលជាតិរូបនេះបានបន្ថែមថា ក្នុងចំណោមគ្រោះអគ្គិភ័យទាំងអស់នេះ បានបណ្ដាលឲ្យមនុស្សស្លាប់១០នាក់, របួស៤៦នាក់, ឆេះផ្ទះ៤១៨ខ្នង។ មូលហេតុបណ្ដាលមកពី អគ្គិសនី៤០ភាគរយ, ប្រើប្រាស់ភ្លើង៣៨ភាគរយ និងក្ដាប់មិនបាន២២ភាគរយ៕