(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងទៅកាន់មន្ត្រីរាជការគ្រប់ស្រុក-ក្រុង នៃខេត្តស្វាយរៀង ត្រូវចូលរួមផ្សព្វផ្សាយបញ្ជ្រាបដល់ពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន និងអំពាវនាវឲ្យពួកគាត់បរិភោគសាច់ជ្រូកឡើងវិញ ព្រោះជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងដល់មនុស្សទេ។

ការថ្លែងរបស់អភិបាលខេត្តស្វាយរៀងបែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញបរិភោគសាច់ជ្រូក ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ក្រោមប្រធានបទ «សាច់ជ្រូកនៅតែមានសុត្ថិភាពក្នុងការទទួលទាន ដោយពុំបាច់បារម្ភ និងដើម្បីក្តីសង្ឃឹម ដល់អ្នកចិញ្ចឹមជ្រូក និងដើម្បីយើងទាំងអស់គ្នា» នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ។

លោក ម៉ែន វិបុល ថ្លែងថា តបតាមអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមប្រជាពលរដ្ឋទាំងអស់ បរិភោគសាច់ជ្រូកឡើងវិញ ព្រោះជំងឺបេស្តជ្រូកអាហ្វ្រិក មិនឆ្លងដល់មនុស្សទេ គឺឆ្លងតែសត្វជ្រូកគ្នាវាប៉ុណ្ណោះ។ លោកក៏បានណែនាំ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីសមត្ថកិច្ច ដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះពិនិត្យរាល់សាច់ជ្រូក ដែលនាំចូលមកលក់ក្នុងទីផ្សារ ឲ្យបានហ្មត់ចត់ ដោយមិនត្រូវឲ្យមានការនាំចូលជ្រូក ពីក្រៅប្រទេសមកចូល នៅក្នុងទឹកខេត្តស្វាយរៀងនោះទេ។

បើតាមការបញ្ជាក់ពីលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានលើកលើកឡើងថា ការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក មកប្រទេសកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តស្វាយរៀង ឈប់បរិភោគសាច់ជ្រូក និងទិញសាច់ជ្រូកនៅក្នុងផ្សារ ដោយភ័យខ្លាចពីជំងឺទាំងអស់នេះឆ្លងមកខ្លួន។

លោក ថាច់ រតនា បានឲ្យដឹងទៀតថា ចំពោះខេត្តស្វាយរៀង ដែលមានករណីផ្ទុះនៅភូមិឫស្សី ជួរខាងត្បូងឃុំក្រោលគោ ស្រុកស្វាយជ្រំ ឥឡូវបានស្ងប់ស្ងាត់ទៅវិញហើយ ដោយមានការយកចិត្តទុក ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកបញ្ជាក់ថា ជំងឺបេស្តជ្រូកអាហ្វ្រិក បានសម្លាប់ជ្រូកចំនួន៩៥ក្បាល នៅឃុំក្រោលគោ៕