(ព្រះសីហនុ)៖ មូលហេតុចម្បងមួយក្នុងចំណោមបញ្ហាដទៃទៀតនាំឱ្យមានការជន់លិចក្រោយពេលមួយមេធំកាលពីថ្ងៃទី០៨ និងទី០៩ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីនេះ ត្រូវបានរកឃើញថា បណ្តាលមកពីប្រព័ន្ធបង្ហូរទឹកដូចជា ប្រឡាយ និងអូរត្រូវបានរាំងស្ទះទឹកហូរមិនបានលឿន។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការជនលិចក្រុងព្រះសីហនុនាពេលកន្លងទៅនេះ មានមូលចម្បងៗមួយចំនួន ដូចជាកម្រិតទឹកភ្លៀងខ្ពស់មានរហូតដល់ជិត៣០០មីល្លីម៉ែត្រ ដែលជាកម្រិតមួយខ្ពស់មិនធ្លាប់មានក្នុងរយៈពេលប្រមាណ ២០-៣០ឆ្នាំចុងក្រោយ, ការបាត់បង់ផ្ទៃរងទឹកភ្លៀងដោយសារកំណើនសំណង់ និងមូលហេតុមួយទៀតនោះ គឺការហូររំដោះទឹកនៅតាមប្រឡាយ និងអូរមិនបានលឿន ដោយសារប្រព័ន្ធប្រឡាយ និងអូរនោះ ត្រូវបានរួមតូច ឬគោករាក់ជាដើម។

បើតាមលោកអភិបាលខេត្តព្រះសីហនុ ប្រឡាយ និងអូរធម្មជាតិនៅក្នុងក្រុងព្រះសីហនុដែលជាកន្លែងហូររំដោះទឹកដ៏សំខាន់នោះ ត្រូវបានគោករាក់ខ្លាំង ហើយកន្លែងខ្លះត្រូវបានគេសង់សំណង់ផ្សេងៗរំលោភយកចំណីប្រឡាយជាហេតុធ្វើឱ្យប្រឡាយ និងអូរបាត់បង់សមត្ថភាពក្នុងការហូររំដោះទឹក។

ពាក់ព័ន្ធការសង់សំណង់រំលោភយកប្រឡាយ និងអូរនេះ គេបានរកឃើញថា ទាំងសំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងសំណង់អគារសណ្ឋារ អគារពាណិជ្ជកម្មផ្សេងៗ បានសង់រំលោភយកចំណីប្រឡាយទឹក និងអូរអស់ជាច្រើន។ ការសង់សំណង់រំលោភយកចំណីប្រឡាយ និងអូរ ធ្វើឱ្យការបង្ហូតរំដោះទឹកមិនបានលឿននោះឡើយ ហើយពេលមានភ្លៀងខ្លាំងទឹកចាលលិចក្រុងទាំងម្តង។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅនេះក្រោយពីការជនលិចក្រុងយ៉ាងដំណំបាននាំគ្នាចុះដល់ក្រុងព្រះសីហនុ សិក្សាស្វែងយល់ និងរិះរកវិធីក្នុងស្តារប្រឡាយ អូរឡើងវិញ ដើម្បីបង្កើនសមត្ថភាពការបង្ហូររំដោះទឹកនេះ។

បច្ចុប្បន្នគ្រឿងចក្រជាច្រើនគ្រឿងរបស់ក្រសួងធនធានទឹក ក្រសួងសាធារណការ និងជារបស់ក្រុមហ៊ុនសាងសង់ផ្លូវថ្នល់របស់ចិនផងនោះ កំពុងដាក់ពង្រាយនៅតាមប្រឡាយ និងអូរក្នុងក្រុងព្រះសីហនុ ដើម្បីកាយពង្រីក និងស្តារប្រឡាយអូរឡើងវិញ។

លោក គួច ចំរើន បានអះអាងដោយមានការបើកភ្លៀងខៀវពីឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នោះ ការស្តារប្រឡាយនេះ នឹងធ្វើឱ្យទៅតាមទំហំដើមរបស់ឡាយ ឬអូរ ពោលកន្លែងណាដែលមានសំណង់សង់រំលោភលើប្រឡាយ អូរ គឺត្រូវស្នើឱ្យមានការរុះរើ ហើយបើមិនមានការរុះរើទេ ក៏នឹងចាត់វិធានការទៅច្បាប់ផងដែរ។

ទន្ទឹមការបង្ហាញពីជំហរអនុវត្តន៍វិធានការច្បាប់ដោយគ្មានរាថយដើម្បីរំដោះយកចំណីប្រឡាយ និងអូរវិញនេះ លោក គួច ចំរើន ក៏បានអំពាវនាវផងដែរទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់សណ្ឋាគារ និងម្ចាស់សំណង់អគារផ្សេងៗទៀត ចូលរួមសហការជាមួយអាជ្ញាធរក្នុងការស្តារប្រឡាយ អូរឡើងវិញ បើមិនដូច្នោះទេក្រុងព្រះសីហនុនៅតែគំរាមកំហែងដោយការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗនោះ៕