(ភ្នំពេញ)៖ ជាការជំរុញបន្ថែមទៀត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អំពាវនាវឱ្យកងទ័ពទាំងអស់ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រៀមខ្លួនឱ្យបានល្អ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «សូមបងប្អូនកងទ័ពទាំងអស់ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រៀមខ្លួនឱ្យបានល្អ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ក្នុងគ្រាដែលយើងកំពុងទទួលរងនូវគ្រោះទឹកជំនន់ ហើយភ្លៀងក៏នៅតែបន្តធ្លាក់ឥតឈប់ឈរនៅតាមបណ្តាខេត្តនានា»

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារនៅបណ្តាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅទូទាំងប្រទេស។

ជំនន់ទឹកភ្លៀង នៅខេត្តព្រះសីហនុ បានបណ្តាលឱ្យមនុស្ស ៣នាក់ បានស្លាប់បាត់បង់ជីវិតក្នុងនោះ មានពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត។

ដោយឡែកជំនន់ទឹកភ្លៀងនៅខេត្តរតនគីរី បានវាយប្រហារយ៉ាងគំហុកទៅស្រុកលំផាត់ បណ្តាលឱ្យភូមិឋានមួយចំនួនរងការលិចលង់ ដោយបានផ្តាច់ជីវិតកុមារីម្នាក់។

តាមបណ្តាខេត្តមួយចំនួនពេលនេះ ក៏ត្រូវបានអាជ្ញាធរមូលដ្ឋានជូនដំណឹងឱ្យពលរដ្ឋ មានការប្រុងប្រយ័ត្នផងដែរ៕