(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា បានប្រកាសទទួលសមាជិកព្រឹទ្ធសភាថ្មីចំនួន៣រូប ជំនួសសមាជិកដែលទទួលមរណភាព និងសុំលាលែងពីសមាជិកព្រឹទ្ធសភា។

ការប្រកាសទទួលសមាជិកព្រឹទ្ធថ្មី បានធ្វើឡើងក្នុងសម័យវិសាមញព្រឹទ្ធសភា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភាសរុប៥៦រូប។

សមាជិកព្រឹទ្ធសភាថ្មី សម្រាប់នីតិកាល ទី៤ ចំនួន០៣រូបនោះរួមមានដូចជា ៖

១៖ ព្រះអង្គម្ចាស់ នរោត្តម ស្រីយសោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភា ចាត់តាំងដោយព្រះមហាក្សត្រ ជំនួសសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលបានសុំលាឈប់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។

២៖ លោកញ៉ូវ សុង ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) ជំនួសលោកឡាយ អ៉ីពិសិទ្ធ ដែលបានទទួលមរណភាព។

៣៖ លោកឡោ ឆន ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន) ជំនួសលោកស្រី ស៊ឹង ស៊ីយុត ដែលបានទទួលមរណភាព។

សូមជម្រាបថាសមាជិកព្រឹទ្ធសភាថ្មី ដែលមានចែងក្នុងប្រការ១ ត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់តំណែង៕