(ត្បូងឃ្មុំ)៖ ដើម្បីអបអរសាទរ ក្នុងពិធីបុណ្យធំនៃប្រពៃណីសាសនាឥស្លាម Eid Adha លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានសហការជាមួយក្រុមហ៊ុន អាល់អាមីសូហ្វហូលឌីង ប្រទេសម៉ាឡេស៊ី តាមរយៈគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ធ្វើការចែកចាយគោសរុប៨៧២ក្បាល និងពពែ ចៀម ៤១៧ក្បាល សរុបទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ ដើម្បីផ្តល់សាច់ជូនអ្នកខ្វះខាត តម្រូវការនៅទូទាំងប្រទេស បានទទួលទានក្នុងពិធីបុណ្យ Eid Adha ឬបុណ្យរ៉យ៉ាហាជ្ជ។

ជាក់ស្តែងក្នុងកម្មវិធីប្រគល់អំណោយជាគោ ពពែ ចៀម ជានិមិត្តរូប នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃទី១ នៃការចាប់ផ្តើមពិធីបុណ្យ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងលោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានអញ្ជើញចូលរួមពិធីថ្វាយបង្គុំ ជាមួយប្រជាពលរដ្ឋខ្មែរឥស្លាមនៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបានឧបត្ថម្ភ គោគួរប៉ាន (បូជា) ២២ក្បាល និងពពែ៤ក្បាល ដើម្បីផ្តល់សាច់ដល់ប្រជាពលរដ្ឋក្នុងឃុំពពេល បានទទួលទាន។

ក្នុងពិធីសំណេះសំណាល លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋក្នុងពិធីបុណ្យមួយនេះ និងផ្តាំផ្ញើក្តីរលឹកដល់ បងប្អូនខ្មែរឥស្លាម ដែលកំពុងបំពេញកាតព្វកិច្ចពិធីបុណ្យហាជ្ជ ជាង១,២០០នាក់ ដែលកំពុងមានវត្តមាននៅទឹកដីក្រុងម៉ាកាស ប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយអ្នកកាន់សាសនាឥស្លាម ដែលមកប្រារព្ធពិធីបុណ្យជាមួយគ្នា ក្នុងទីតាំងតែមួយ ជាង២លាននាក់មកពីជុំវិញពិភពលោក។

លោកបន្តថា ពិធីបុណ្យហាជ្ជជាកាតព្វកិច្ចស្នូលទី៥ របស់សាសនិកឥស្លាម ត្រូវទៅអនុវត្តបើមានលទ្ធភាព ហើយសម្រាប់អ្នកដែលប្រារព្ធពិធីបុណ្យនៅក្នុងប្រទេស ឬក្នុងស្រុកវិញ ការចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួនទិញគោ ឬចៀម សម្រាប់ធ្វើពិធីបូជាគួរប៉ាន ផ្តល់សាច់ចែកជូនដល់អ្នកខ្វះខាតនៅជុំវិញ ក៏ជាកាតព្វកិច្ចផងដែរ បើមានលទ្ធភាព។

ផ្អែកលើទិដ្ឋភាពជាក់ស្តែង និងលទ្ធភាពសេដ្ឋកិច្ចគ្រួសារ ក្នុងសហគមន៍ខ្មែរឥស្លាមសព្វថ្ងៃ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអំពាវនាវដល់បងប្អូន ដែលមានលទ្ធភាពត្រូវចូលរួមធ្វើការបរិច្ចាគ តាមលទ្ធភាពខ្លួនឯង ជំនួសដោយពឹងផ្អែក តែការទទួលជំនួយជាថវិកា ឬការឧបត្ថម្ភសាច់ សម្រាប់បរិភោគពីសប្បុរសជនក្រៅប្រទេស៕