(កណ្តាល)៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ខេត្តកណ្តាល បានដឹកនាំសមាជិក សមាជិកា រៀបចំព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីជាមនុស្សធម៌ ដើម្បីកុមារអូទីស្សឹម ដើម្បីបរិស្ថាន និងសុខភាព។

នៅក្នុងពិធីនោះលោក គីម រិទ្ធី បានថ្លែងថា គោលបំណងសំខាន់នៅក្នុងការរត់ដើម្បីមនុស្សធម៌ រត់ដើម្បីកុមារអូទីហ្សឹម និងរត់ដើម្បីបរិស្ថាននេះ ដើម្បីជួយទៅដល់កុមារខ្សោយសតិបញ្ញា ដែលហៅថាអូទីហ្សឹម នៅមាត់ស្ទឹងក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកបានបន្តថា ក្នុងការចុះឈ្មោះរត់ប្រណាំងនេះ កីឡាករ កីឡាការិនី ក្នុងម្នាក់ៗត្រូវបង់ថវិកាចំនួន១ដុល្លារ ហើយថវិកាដែលទទួលបាន ពីការចុះឈ្មោះទាំងអស់ នឹងប្រគល់ជូនកុមារអូទីហ្សឹម ដើម្បជួយទ្រទ្រង់ដល់ការគ្រប់គ្រងរបស់សាលា និងឧបត្ថម្ភទៅដល់អ្នកដែលខ្វះខាត នៅក្នុងសាលាផងដែរ។

លោក គីម រិទ្ធី បានបន្តទៀតថា ការត់ប្រណាំងបែងចែកជា២ប្រភេទ គឺរត់ចំងាយ៣គីឡូម៉ែត្រ ដោយចេញដំណើរពីស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល តាមមាត់ទន្លេបាសាក់ ដល់សាលាអនុវិទ្យាល័យអនុវត្ត និងរត់ចំងាយ១០គីឡូម៉ែត្រ ចេញដំណើរពីអនុវិទ្យាល័យសិត្បូ តាមផ្លូវជាតិលេខ២១A ដល់សាលាអនុវិទ្យាល័យអនុវត្ត។ បន្ថែមពីនេះ មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរៀបចំយុវជនចំនួន៦ក្រុម ដើរសម្អាតបរិស្ថាននៅតាមទីសាធារណៈ សាលារៀន និងតាមដងផ្លូវនានាផងដែរ។ កីឡាករ កីឡាការិនី ដែលបានចូលរួមពូកគាត់ពិតជាមាន ចិត្តសប្បាយរីករាយក្នុងការរូចរួមរត់ដើម្បីមនុស្សធម៌ រត់ដើម្បីកុមារអូទីហ្សឹម និងរត់ដើម្បីបរិស្ថាន។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជន សូមបន្តចូលរួមក្នុងការងារមនុស្សធម៌នេះបន្តទៀត ហើយនៅក្នុងខែធ្នូ ខាងមុខនេះ ស.ស.យ.ក ខេត្តកណ្តាល នឹងរៀបចំកម្មវិធីរត់ដើម្បីមនុស្សធម៌ រត់ដើម្បីកុមារអូទីហ្សឹម និងរត់ដើម្បីបរិស្ថាន កាន់ធំជានេះបន្ថែមទៀត ដោយការរត់ មានចម្ងាយ២១គីឡូម៉ែត្រ ហើយអ្នកដែលទទួលជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់១ពាន់ដុល្លារ។ ដូចនេះ លោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមក្នុងការរត់ប្រណាំ ដើម្បីមនុស្សធម៌ ឱ្យបានច្រើនកុះករ។

ថវិកាដែលទទួលបានពីការជួយឧបត្ថម្ភពីសប្បុរសជន និងការចុះឈ្មោះទទួលបានចំនួន១៦១១ដុល្លារ ហើយជ័យលាភីលេខ១ ទទួលបានមេដាយមួយ និងថវិកា២០ម៉ឺនរៀល, លេខ២ ទទួលបានមេដាយមួយ និងថវិកា១៨ម៉ឺនរៀល, លេខ៣ ទទួលបានមេដាយមួយ និងថវិកា១៦ម៉ឺនរៀល លេខ៤ ដល់លេខ៨ ទទួលបានមេដាយមួយ និងថវិកា១០ម៉ឺនរៀល និងទឹកសុទ្ធអរុណា១កេស ទឹកក្រូច Sunny cola ១កេស និងភេជ្ជៈ AD ១យួរ៕