(កណ្តាល)៖ លោកឧត្តសេនីយ៍ត្រី វែន សុវិន ស្នងការរងខេត្តកណ្តាលទទួលបន្ទុកចរាចរណ៍ និងសណ្តាប់ធ្នាប់ខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់យានយន្តទាំងអស់ ត្រូវបង្កើនការគោរពច្បាប់ចរាចរណ៍ ព្រមទាំងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងពេលបើកបរលើផ្លូវសាធារណៈ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់។

ការអំពាវនាវបែបនេះរបស់លោកឧត្តមសេនីយ៍ត្រី វែន សុវិន បានធ្វើឡើងនៅក្នុងឱកាសដែលលោកដឹកនាំកម្លាំង ចុះអនុវត្តន៍បទបញ្ជា របស់សម្តេចក្រឡាហោម ស ខេង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ទូទាំងខេត្តកណ្តាល។

លោកបានបន្តថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរលុះត្រាបងប្អូនជាអ្នកធ្វើចរាចរណ៍ បញ្ជាយាន្តជំនិះគ្រប់ប្រភេទគោរពច្បាប់ចរាចរណ៍ទាំងគ្នា និងមានការយោគយល់អព្យាស្រ័យគ្នាទៅវិញទៅមក។ បើយោងតាមផែនការ០២៩ របស់គណៈកម្មការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជា ផែនការ៣៥ របស់អគ្គស្នងការនគរបាលជាតិ ដោយពិនិត្យឃើញថា ក្នុងឆមាសទី១ ដើមឆ្នាំ២០១៩នេះ ការបាត់បង់ជីវិតដោយសារ គ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើង ជាពិសេសប្រជាពលរដ្ឋដែលគាត់ជាអ្នកជិះម៉ូតូ មានអត្រាប្រមាណ៨០ភាគរយ តាមគ្រប់តំបន់ទាំងអស់។

ជាមួយគ្នានេះដែរ ពាក់ព័ន្ធទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកើតឡើងឥតឈប់ឈរនោះ លោកបានបន្ថែមទៀតថា ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ក៏ដូចជាខ្លួនលោកផ្ទាល់ បានជំរុញ និងលើកផែនការជូនលោកអភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការ ឯកភាពខេត្តធ្វើយុទ្ធនាការមួយជាសំខាន់ ទៅលើគោលដៅមុខសញ្ញាអ្នកជិះម៉ូតូដែលមិនពាក់មួក ការពារសុវត្ថិភាពហើយ គិតទាំងអ្នករួមដំណើរ ពីក្រោយផង។

ផែនការនេះ គឺយើងប្រគល់ភារកិច្ចឱ្យបណ្តាក្រុង-ស្រុក ក្នុងខេត្តកណ្តាល គឺមានគោលដៅត្រួតពិនិត្យសំខាន់ គឺតែទៅលើមធ្យោបាយម៉ូតូ ប្រសិនបើកមិនពាក់មួកការពារសុវត្ថិភាពទេ គឺត្រូវឃាត់គាត់សិន ហើយឱ្យទៅរកមួកមកពាក់ឱ្យបាន ទើបឱ្យគាត់ជិះ ចេញពីកន្លែងត្រួតពិនិត្យ, មធ្យោបាយទី២ គាត់អាចឱ្យបងប្អូន ឬមិត្តភក្តិណាទិញ ឬយកមួកមកឱ្យគាត់ ទើបអនុញ្ញាតិឱ្យគាត់ជិះចេញបាន។

វិធានការនេះ គឺមិនមានការផាកពិន័យញទេ តាមសម្តេចក្រឡាហោម ផែនការនេះ យើងធ្វើរយៈពេល១ខែសិន ក្នុងករណីមានការណែនាំបន្ថែម យើងនឹងអនុវត្តទៅតាមនោះ។ ដូច្នេះ យុទ្ធនាការនេះ គឺបណ្តាស្រុកទាំងអស់ក្នុងខេត្តកណ្តាល រួមទាំងក្រុងតាខ្មៅផង គឺផ្តោតសំខាន់ទៅ លើមុខសញ្ញាគោលដៅដែលគ្រោះថ្នាក់រហូតបាត់បង់ជីវិត៨០ភាគរយនោះ គឺអ្នកជិះម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាពផង។

លោកបញ្ជាក់ថា យោងតាមអនុក្រឹត្ត៤៤ កាលណាយើងបើកបរម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ឬក៏ពាក់ដែរ តែមិនដាក់ខ្សែក្រវាត់ចង្ការ ឱ្យបានត្រឹមត្រូវ ឬមួកមិនមានស្តង់ដាអាចការពារក្បាលបាន គឺត្រូវធ្វើការផាកពិន័យ។ ដូចនេះ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ផុតពីរយៈពេលមួយដែលគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍អនុគ្រោះ នេះយើងនឹងអនុវត្ថិច្បាប់ពេញ ទំហឹងបានន័យថា ធ្វើការផាកពិន័យហើយ តម្រូវឱ្យពាក់មួកទើបអនុញ្ញាតឱ្យធ្វើដំណើរ នេះជាគោលការច្បាប់រួម។ ប៉ុន្តែដោយសារថ្នាក់ដឹកនាំលោកអនុគ្រោះ ដូច្នេះសូមអំពាវនាវឱ្យប្រជាពលរដ្ឋ ចាប់ពីថ្ងៃដែលសមត្ថកិច្ចយើងបានអនុវត្តនេះ សូមចាប់ផ្តើមមានមួកសវុត្ថិភាពគ្រប់ៗគ្នានៅពេលបើកបរម៉ូតូ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ដើម្បីចៀសវាងការផាកពិន័យ នាំឱ្យខាតបង់ពេលវេលារបស់ខ្លួន និងដើម្បីចៀសវាងបាតុភាពផ្សេងៗ ដែលកើតឡើងជាយថាហេតុ។

ដោយឡែក ក្នុងខណៈចុះអនុវត្តន៍ច្បាប់ចរាចរណ៍នោះ មន្ត្រីនគរបាលចរាចរណ៍ និងអធិការ អធិការរងទទួលផ្នែកជំនាញចរាចរណ៍គ្រប់ស្រុក បានពន្យល់ពីច្បាប់ចរាចរណ៍ និងបង្រៀនប្រជាពលរដ្ឋអ្នកដំណើរឱ្យយល់ពីច្បាប់ចរាចរណ៍ក្នុងការបើកបរ និងរបៀបពាក់មួកសុវត្ថភាព ឱ្យត្រឹមត្រូវស្តង់ដា។ ជាក់ស្តែងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលស្រុកកៀនស្វាយ ដឹកនាំដោយលោក ព្រំ សំណាង ចុះអប់រំពន្យល់ និងបង្រៀនដល់ប្រជាពលរដ្ឋអ្នកដំណើរតាមផ្លូវជាតិលេខ១ ឱ្យពួកគាត់យល់ដឹងពីច្បាប់ចរាចរណ៍ និងចេះរបៀបពាក់មួកសុវត្ថិភាព ផងដែរ៕