(ប៉ៃលិន)៖ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រកាសផ្តល់ម៉ូតូ ១គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿង ដែលជារង្វាន់លើកទឹកចិត្ត ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ២០១៩នេះ។

ការប្រកាសបែបនេះរបស់លោក ផាន់ ចាន់ធុល នៅក្នុងឱកាសដែលលោកអភិបាលខេត្ត អញ្ជើញចុះសំណេះសំណាលលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលត្រៀមប្រលងបញ្ចប់មធ្យមសិក្សា ទុតិយភូមិថ្នាក់ទី១២ ឆ្នាំសិក្សា២០១៨-២០១៩ ព្រមទាំងពិធីពិសារអាហារសាមគ្គី ដើម្បីស្វែងរកមូលនិធិទ្រទ្រង់សាលា នៅវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ដោយមានវត្តមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើន កុះករផងដែរ។

លោក ផាន់ ចាន់ធុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធានបានចំណាយកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃក្នុងការឧបត្ថម្ភគាំទ្រ ឱ្យមានវគ្គបំប៉នត្រៀមប្រឡងនេះឡើង។

លោកអភិបាលខេត្ត បានលើកឡើងថា ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី និងមានការគាំទ្រពីដៃគូរអភិវឌ្ឍន៍នានាផងនោះ បានធ្វើឱ្យវិស័យអប់រំ យុវជន និងកីឡា នៅខេត្តប៉ៃលិន មានការរីកចំរើនទំាងបរិមាណ និងគុណភាព ចាប់ពីមេត្តេយ្យសិក្សា ការអប់រំកុមារតូចតាមសហគមន៏ ការអប់រំនៅបឋមសិក្សា មធ្យមសិក្សា ដោយសាលារៀនត្រូវបានសាងសង់តាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយាល បានផ្តល់ឱកាសឱ្យកូនចៅ ប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់កម្រិត ទទួលបានចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ខេត្តប៉ៃលិនឱ្យបានរីកចំរើនឡើង។

បើតាមរបាយការន៍របស់ លោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ និងជាប្រធានគណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ស្រុកសាលាក្រៅ បានឱ្យដឹងថា បច្ចុប្បន្ន វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានទីចាត់ការ ១ខ្នង មានបណ្ណាល័យអាគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ៣០បន្ទប់ អន្តេវាសិកដ្ឋានចំនួន ២ខ្នង កម្ពស់២ជាន់ ស្មើនឹង ៤០បន្ទប់ និងមានគ្រូមកពីឆ្ងាយស្នាក់នៅចំនួន ១០នាក់ និងស្រី ០៥នាក់។

រីឯសិស្សស្នាក់នៅវិញមាន ចំនួន ៧៨នាក់ ស្រី៣៥នាក់ ហើយក្នុងឆ្នាំសិក្សា ២០១៨ ២០១៩នេះ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានគ្រូបង្រៀនចំនួន ៤៦នាក់ ស្រី១៨នាក់ និងមានសិស្សសរុបចំនួន ៨៥៧នាក់ ក្នុងនោះស្រី ៤៤២នាក់ ដែលមកពីអនុវិទ្យាល័យ និងបឋមសិក្សាជាច្រើន នៅទូទាំងស្រុកសាលាក្រៅផងដែរ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ដោយខេត្តប៉ៃលិន មានបេក្ខជនចូលរួមប្រឡង សរុបចំនួន ៤៩៥នាក់ ស្រី ២៥៤នាក់ ចែកជា ២មណ្ឌល មានមណ្ឌលវិទ្យាសាស្ត្រសង្គម មាន ១០បន្ទប់ និងមណ្ឌលវិទ្យាសាស្ត្រ មាន១១បន្ទប់ ដែលទីកន្លែងប្រឡងនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ក្នុងនោះសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានចំនួន ១១០នាក់ ស្រី៥៤នាក់៕