(ក្រចេះ)៖ បងប្អូនប្រជាពលរដ្ឋសហគមន៍ «អន្លង់ផ្សោតកាំពី» ស្ថិតនៅឃុំបុក ស្រុកចិត្របុរី ខេត្តក្រចេះ មានការត្រេកអរយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណដល់នាយឧត្ដមសេនីយ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដែលបានជួយសម្របសម្រួល និងអនុញ្ញាតឲ្យពួកគាត់អាចបន្តការងារ ប្រចាំថ្ងៃឆ្លាក់រូបចម្លាក់ ដូចជាត្រី​ និងត្រីផ្សោត ដើម្បីទ្រទ្រង់ជីវភាពដូចសព្វមួយដង។

ជួបជាមួយបុគ្គលិកព័ត៌មាន Fresh News ប្រចាំនៅខេត្តក្រចេះ លោក ហុង ហ៊ាត កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋប្រកបរបរចម្លាក់រូប បានថ្លែងថា កាលពីមុន ពួកគាត់ជាប្រជានេសាទ តែដោយសារការនេសាទរបស់ពួកគាត់ ចំកន្លែងហាមឃាត់នៅតំបន់អភិរក្យសត្វផ្សោត និងដើម្បីចៀសវាងប៉ះពាល់ដល់សត្វផ្សោតផងនោះ ពួកគាត់សម្រេចជ្រើសរើសរបរ ចម្លាក់រូបត្រី រូបផ្សោត រូបទ្រព្យ រូបផ្លែល្ពៅ រូបគោ រូបទន្សាយ និងរូបដំរីជាដើម អស់ជាច្រើនឆ្នាំមកហើយ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។

ពួកគាត់បន្តទៀតថា សព្វថ្ងៃពួកគាត់រស់នៅពឹងផ្អែកទៅលើរបរចម្លាក់តែមួយមុខគត់ គ្មានមុខរបរអ្វីផ្សេងទេ ហើយជាប្រចាំពួកគាត់អាចរកប្រាក់ចំណូលក្នុង១ខែបានត្រឹមប្រមាណ ១លានរៀល ឬជាង១លានរៀល គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយចម្លាក់របស់ពួកគាត់ ធ្វើលក់តែក្នុងស្រុកទេ ក្រៅពីខេត្តក្រចេះ មានគេកម្មង់យកទៅភ្នំពេញឬខេត្តផ្សេងៗទៀតផងដែរ។

ពួកគាត់បានបញ្ជាក់បន្ថែមទៀតថា គ្រាន់ទទួលដំណឹងថា អាជីវកម្មចម្លាក់របស់គាត់ត្រូវផ្អាក ឬបិទ ពួកគាត់មានការបារម្ភយ៉ាងខ្លាំង ព្រោះថា បើមិនបានប្រកបរបរចម្លាក់នេះទេ ការរស់នៅរបស់ ពួកគាត់ នឹងជួបបញ្ហាព្រោះខ្លះជំពាក់លុយធានាគារ។ ប្រសិនមិនប្រកបរបរនេះទេ អត់មានលុយបង់ធានាគារឡើយ ពិតជាត្រូវគេរឹបអូសយកផ្ទះសម្បែងជាមិនខានឡើយ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ អង្គភាពព័ត៌មាន Fresh News បានទទួលការត្អូញត្អែរពីប្រជាពលរដ្ឋជាសហគមន៍អន្លង់ផ្សោតកាំពី ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ ដែលពួកគាត់អះអាងថា មានអាជ្ញាធរ និងសមត្ថកិច្ចចុះឲ្យពួកគាត់ផ្អាកការកែច្នៃឈើធ្វើជារូបចម្លាក់ ដូចជា ចម្លាក់សត្វផ្សោត និងចម្លាក់ត្រីជាដើម សម្រាប់ បម្រើដល់ភ្ញៀវទេសចរ និងចែកចាយនៅក្នុងស្រុក។

សហគមន៍អន្លង់ផ្សោតកាំពីនេះ បានលេចជារូបរាងឡើង តាមរយៈការណែនាំ និងបណ្ដុះបណ្ដាលរបស់ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធទៅលើប្រជាពលរដ្ឋក្រីក្រ ដែលធ្លាប់តែប្រកបមុខរបរផ្សេងៗ ដូចជា នេសាទ និងធ្វើស្រែជាដើម ឲ្យមកចេះកែច្នៃជារូបចម្លាក់សត្វផ្សោត និងត្រីជាដើម ដើម្បីលក់ដូរនៅក្នុងស្រុក ជាពិសេសសម្រាប់វិស័យទេសចរណ៍។

ក្រោយទទួលបានត្អូញត្អែរខាងលើនេះ, នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានណែនាំដល់បន្ដទៅអាជ្ញាធរខេត្ដ ឲ្យពិនិត្យមើលបញ្ហានេះឡើងវិញ និងបន្ដអនុញ្ញាតឲ្យបងប្អូន បន្ដការងារប្រចាំថ្ងៃរបស់ខ្លួន កុំឲ្យតែចូលទៅកាប់ឈើ និងនាំឈើចូលកន្លែងគាត់។

ជាការឆ្លើយតបទៅកាន់សំណើររបស់ប្រជាពលរដ្ឋសហគមន៍នោះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះថា «ខ្ញុំបានទទួលករណីនេះហើយ និងបានបញ្ជូនទៅថ្នាក់ដឹកនាំសាលាខេត្តក្រចេះ ដើម្បីឲ្យមានការណែនាំដល់មន្ដ្រីអនុវត្តកិច្ចការងារហ្នឹង ពីព្រោះថា យើងមានតែលើកទឹកចិត្តពួកគាត់ ខិតខំកែមុខរបរពីការដាក់ម៉ង ងាប់ត្រីផ្សោត ដើម្បីឲ្យកែ មកធ្វើរូបចម្លាក់បម្រើឲ្យទេសចរណ៍ វត្ថុអនុស្សាវរីយ៍ តែអ្វីដែលសំខាន់កុំឲ្យតែពួកគាត់ ចូលទៅកាប់ឈើខ្លួនឯង ដោយខុសច្បាប់ ហើយមានប្រភពឈើច្បាស់លាស់ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋនឹងន និងបន្ដការងាររបស់ខ្លួន មិនមានបញ្ហាអ្វីនោះទេ»