(ភ្នំពេញ)៖ លោកឧកញ៉ា ជា ប៊ុនឡេង បានធ្វើការបដិសេធថា លោកគ្មានចេតនា​ធ្វើរបង​បិទ​​មុខក្បាលដីរបស់គេ ដើម្បីឃុប​ឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ ទិញដីក្នុង​តម្លៃ​ថោក​ដូច​អ្វី​ដែល​តំ​ណាង​ម្ចាស់ដី ធ្វើការ​ចោទប្រ​កាន់​​នោះឡើយ តាមពិត​​លោក​គ្រាន់តែ ធ្វើរបងត្រឹម​បង្គោលព្រំដី ដែល​លោក​បានទិ​ញពី​អ្នកដ៏ទៃ​តែប៉ុណ្ណោះ។ 

លោកឧកញ៉ា ជា ប៊ុនឡេង បានធ្វើការបដិសេធ​យ៉ាងដូច្នេះ បន្ទា​ប់ពីតំណាងប្រជាពលរដ្ឋមួយ​គ្រួសារ​រស់នៅ​ក្នុងភូមិ​ព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានធ្វើការ​អះអាងថា លោកឧកញ៉ា ជា ប៊ុនឡេង បានប្រើ​កម្មករ​អោយរៀប​របងថ្មបាំង​ពីមុខ ក្បាលដី​របស់គាត់​ដែលនៅជាប់នឹង​ផ្លូវ​លំទំ​ហំ​៤ម៉ែត្រ ដែល​ទំនង​មានចេ​តនាចង់​ទិញដី​ក្នុងតម្លៃ​ថោក តែម្ចាស់​ដីមិន​ព្រម​លក់​អោយ។ 

ពាក់ព័ន្ធការចោទប្រកាន់នេះ លោកឧកញ៉ា ជា ប៊ុនឡេង បានថ្លែងប្រាប់​ Fresh News កាល​ពីរសៀល​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ​អោយ​ដឹងថា លោកគ្មាន​បំណង​ទិញដីពី​ម្ចាស់ដី ដែល​ធ្វើការ​ចោទប្រកាន់មកលើ​រូបលោក​នោះឡើយ​ ទោះជាតម្លៃថោក​ប៉ុណ្ណាក៏ដោយ ព្រោះ​ទំហំដីតូចមិ​នដឹងលោក​ទិញយក​មកធ្វើអី។

ចំណែក​ការធ្វើ​របង​ថ្មគឺ​ លោកធ្វើទៅតាមបង្គោល​ព្រំដី​ចាស់ ដែលលោក​ទិញពី​ម្ចាស់មុ​នតែ​ប៉ុណ្ណោះ ព្រោះ​ទីតាំង​ដីដែល​លោក​ធ្វើរបង បាំងពីដើមឡើយ​គ្មាន​ផ្លូវ​នោះទេ តែក្រោយ​មក​លោកបាន ទិញដីគេ​ខាងមុខ​ដើម្បីបើកផ្លូវ​ អោយបា​នច្រើន​ងាយ​ស្រួល​សង់​ផ្ទះល្វែងលក់​តែ​ប៉ុណ្ណោះ។

ក្នុងនោះ ខណះ​លោក​ធ្វើរបង ភាគី​ម្ចាស់ដីនៅជា​ប់គ្នានោះគឺឈ្មោះហួត ប៊ុនគង់ ក៏បាន​ប្ដឹងទៅអាជ្ញាធរ​សង្កាត់ និងខ​ណ្ឌចុះ​មកត្រួតពិនិត្យ​ភ្លាមៗ រកឃើញថា​ រូបលោកមិនបា​នធ្វើរបង​បិទក្បាល​ដីគេ​ដែលភ្ជាប់​ទៅផ្លូវ​សាធារណៈនោះឡើយ គឺ​ព្រំដីរ​បស់ឈ្មោះ​ហួត ប៊ុនគង់ និងព្រំ​ដីដែ​លលោក​ទិញ​ពី​គេ​គឺ​ជាប់គ្នា គ្រាន់​តែដីរ​បស់លោកបើកធ្វើជាផ្លូវ​នៅជាប់​ព្រំដី​គ្នាតែ​ណ្ណោះ។ ដូច្នេះ លោក​សូមប​ដិសេធថា លោកគ្មាន​ចេតនា​ធ្វើរបងបិទក្បាលដី អ្នកដ៏ទៃដើ​ម្បីទិញដី(ដី​អ​ត់ផ្លូវ) ក្នុងតម្លៃថោកឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែសីហា តំណាងម្ចាស់ដី បានថ្លែង​ប្រាប់​អង្គភាពព័ត៌មាន Fresh News ធ្វើការចេញ​ផ្សាយថា ករណីឧ​កញ៉ាជា ប៊ុនឡេង បញ្ជាអោយ​កម្មករ ធ្វើរបងបិទ​មុខក្បាល​ដីរបស់លោក ហើយ​លោកបាន​ដាក់ពាក្យបណ្ដឹង ទៅសាលា​សង្កាត់ចាក់អង្រែក្រោម អោយ​ជួយ​ដោះស្រាយ គិត​រ​ហូតមក​ដល់​ពេល​នេះ វាមានរយៈពេល​ជិត២​ឆ្នាំហើយ គ្មាន​ដំណោះ​ស្រាយ​អ្វីទាំង​អស់ របងថ្ម​នៅតែបិ​ទមុខក្បាល​ដីរបស់​លោក​ដដែល។

ចំណែកមន្ត្រីអាជ្ញាធរភូមិ សង្កាត់វិញ ពេលលោកទៅ សួរនាំ គេតែងតែណែនាំអោយទៅជួ​បដោះ​ស្រាយ​ជាមួយ​ឧកញ៉ារហូត ខណះដែល​ឧកញ៉ាមាន បំណង​ចង់ទិញដី របស់​លោក​ដើម្បី​ពង្រីក ធ្វើផ្ទះល្វែង​បន្ថែម តែអោយ​ម្លៃថោក លោកមិន​ព្រម​លក់។

មិនតែប៉ុ​ណ្ណោះ មន្ត្រី​អា​ជ្ញាធរភូមិ សង្កាត់ ខណះលោ​កយកលិខិត​ទៅផ្ទេរកម្មសិទ្ធិ​ដីអោ​យ​ទៅអ្នកផ្សេង​ក៏មិន​ព្រម​ធ្វើអោយ ដោយ​​ពួក​គេ​មាន​​ចេតនា​ ចង់អោ​យលក់ដីទៅ​អោយឧ​កញ៉ា តែអោយ​តម្លៃថោកជាង​ទីផ្សារ​ឆ្ងាយ​ដែល​ លោក​មិនអា​ចទទួលយក​បាន។

តំណាង​ លោក ហួត ប៊ុនគង់ ដែ​លជា​ម្ចាស់ដី​រងគ្រោះ បានអោយ​ដឹងថា តាម​ពិតក្បាល​ដីរបស់ខ្លួ​នផ្នែកខាងជើ​ងគឺ ទល់នឹងផ្លូវលំទំហ៊ំ៤ម៉ែត្រ មិនមែន​ទល់នឹងដី អ្នកផ្សេង​ដូចអ្វីដែលភាគី ឧកញ៉ាអះ​អាងនោះឡើយ តែដោ​យសា​រ​គេមានចេតនា​ចង់ទិញដី លោកក្នុង​តម្លៃថោក ទើប​អះអាងថា ក្បាល​ដីរប​ស់លោកខាង​ជើង​មិនជាប់ ផ្លូវ ​ហើយ​មាន​ចេតនា​ធ្វើ​របងបិទមុខ​ក្បាល​ដីរ​បស់លោកបែប​នេះ។

តំណាងម្ចាស់ដីសូមអំពាវ​នាវដល់ លោកអភិ​បាល​ខណ្ឌមានជ័យ​ ពេជ្រ កែវមុនី ជាពិសេស​ លោកឃួង ស្រេង ​អភិបាលរា​ជធានី​ភ្នំពេញ មេត្តា​ជួយផ្ដល់​យុត្តិធម៌
អោយ​រូប​​លោក​​ជា​ជនរង​គ្រោះ​ផង ព្រោះ​​ឧកញ៉ា​​ធ្វើ​របង​បិ​ទមុខ​ក្បាល​​ដី​​ជិត២ឆ្នាំ​ហើយ គ្មាន​ដំណោះ​ស្រាយ​អ្វី​ឡើយ៕