(ព្រះវិហារ)​៖​ នៅព្រឹកថ្ងៃអាទិត្យ​ទី​១១​ ខែសីហា​ ឆ្នាំ២០១៩​នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ គង់ប្រថាប់ជា​ព្រះប្រធានកិត្តិយស​ និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ២៤២គ្រួសារ​រស់នៅក្នុងឃុំចំនួន​ ៥​ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ ដែល​ពិធី​នេះបានរៀបចំនៅបរិវេណវត្តទួលអណ្តែត​ ភូមិសង្គមថ្មី​ ឃុំទឹកក្រហម​ នៃស្រុកជាំក្សាន្ត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់​ ​លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងលោកស្រី ចឹក​ ហេង​ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះវិហារ​ បានពាំនាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិតស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងគិតគូរជានិច្ច​ចំពោះសុខទុក្ខ ដោយតែងតែចាត់ឱ្យមន្ត្រីក្រោមឱវាទ​ចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់​ ជាពិសេស​ប្រជាពលរដ្ឋរងគ្រោះ​ដោយទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន។

ជាមួយគ្នានេះ​ លោកស្រីអគ្គលេខាធិការរងទី​១​ បានពាំនាំសេចក្តីអំពាវនាវពី​សំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីឱ្យប្រ​ជាពលរដ្ឋទាំងអស់​មានការប្រុង​ប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិ​ ទឹកជំនន់​ ផ្គរ​ រន្ទះ​ ហេីយត្រូវត្រៀមលក្ខណៈ​រកទីកន្លែងមានសុវត្ថិភាព។

ទន្ទឹមនឹងនេះ​​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ បានអំពាវនាវដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ គិតគូរថែទាំសុខភាព​ឱ្យបានល្អ ដេីម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ​ ដោយត្រូវ​រស់នៅមាន​អនាម័យ​​ ពិសា​ទឹកដាំឆ្អិន និងបរិភោគអាហារូបត្ថម្ភ​ឱ្យបានត្រឹមត្រូវ​ ជៀសវាងជំងឺលេីសឈាម​ ជំងឺបេះដូង​ ឈឺសន្លាក់ ឬទឹកនោមផ្អែម។ល។

សូមសម្អាតបរិស្ថាន​ជុំវិញផ្ទះ​ លុបបំបាត់ជម្រកសត្វមូស​ គេងក្នុងមុងជានិច្ច​ជៀសវាង​ជំងឺគ្រុនឈាម​-គ្រុនចាញ់​ ហេីយប្រសិនបេីក្តៅខ្លួន​ ឬចេញរោគសញ្ញាណាមួយ​ត្រូវប្រញាប់ទៅមន្ទីរពេទ្យ​ដេីម្បីព្យាបាលជាបន្ទាន់​ ជៀសវាងបណ្តែតបណ្តោយពេលវេលាធ្វេីឱ្យប៉ះពាល់ដល់អាយុជីវិត។ ចំពោះស្ត្រីមានផ្ទៃពោះ​ ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជៀសវាងជំងឺឆ្លងពីម្តាយទៅកូន​​ ឬជំងឺតំណពូជជាដេីម​ និងទៅសម្រាលកូន​នៅមណ្ឌលសុខភាព​ដែលនៅជិតបំផុត។

បន្ថែមពីនេះ​ សូមប្រជាពលរដ្ឋទាំងអស់​ ប្រុងប្រយ័ត្ន​នៅតំបន់ដែលមានគ្រាប់មីន​ ឬគ្រាប់មិនទាន់ផ្ទុះ​ដែល​បន្សល់ទុកពីសង្គ្រាម​ ដែលករណីគ្រោះថ្នាក់នៅកេីតមាន​ឡេីង​ជាយថាហេតុ។

ម្យ៉ាងទៀត​ ទន្ទឹមនឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់ស្អាតល្អ​គ្រប់ទីកន្លែង​ ក៏សូមប្រជាពលរដ្ឋ​គិតគូរពីសុវត្ថិភាព​ចរាចរណ៍​ ដែលជាបញ្ហាប្រឈម​បង្កឱ្យមានការស្លាប់និងពិការភាពជារៀងរាល់ថ្ងៃដែរ។ សូមចូលរួមចំណែកទាំងអស់គ្នា​ លុបបំបាត់គ្រឿង​ ញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសងគ្រប់ប្រភេទ​ ដេីម្បីលេីកកម្ពស់ភូមិឃុំមានសុវត្ថិភាព។

សូមបញ្ជាក់ថា​ អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ ឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​។ ដោយឡែក​ ប្រគេនទេយ្យវត្ថុដល់វត្តទួលអណ្តែត​ រួមមាន​ អង្ករ​ ១០០គីឡូក្រាម​ មី​ ១០០កំប៉ុង​ មី៥កេស​ និងថវិកា​ ១លានរៀល​។ ប្រគេនព្រះចៅអធិការ​ ថវិកា​ ១០ម៉ឺនរៀល​ និងព្រះសង្ឃ​ ៤អង្គ​ ក្នុង​ ១អង្គៗ​ ថវិកា​ ៥ម៉ឺនរៀល៕