(កណ្ដាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយស្ត្រី ដែលមានកូនតូចៗ ចំនួន៦៧នាក់ ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ថ្លែងក្នុងឱកាស លោក ម៉ម ប៊ុននាង បានលើកឡើងថា រាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គមច្បាស់លាស់ ចំពោះប្រជាពលរដ្ឋ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជាប្រចាំ ពីព្រោះសុខភាពជាកត្តាចម្បង និងសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់គ្នា។

ដូចនេះត្រូវរស់នៅស្អាត ហូបស្អាត ដើម្បីជៀសឲ្យឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ជាពិសេសក្មួយៗ និងស្ត្រី ដែលមានកូនតូចៗ ដែលជាទំពាំងស្នងឫស្សី ត្រូវធ្វើយ៉ាងណាបង្កាឲ្យបានខ្ពស់បំផុត ពីការឆ្លងជំងឺដង្កាត់ផ្សេងៗ ព្រោះថាជំងឺមិនត្រឹមតែចម្លងមេរោគទៅកាន់មនុស្សចាស់នោះទេ សូម្បីតែកូនតូចៗ ក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ ដូច្នេះត្រូវតាមដានឲ្យបានជាប់លាប់។

លោកបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាផិបាលបានយកចិត្តក្នុង ការផ្តល់សេវាសាធារណៈ គឺជាតម្រូវការយ៉ាងសំខាន់សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ ជាពិសេសគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យសកម្មភាពនៅគ្រប់មូលដ្ឋានតាមលក្ខណសម្បត្តិទាំង៩ គឺគ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរណ៍ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន គ្មានអំពើរអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើរហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារអាវុធយុទ្ធភណ្ឌមុនទាន់ផ្ទុះ និងមានវិធានការស្រាវជ្រាវទប់ស្កាត់ ឆ្លើយតបចំពោះគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព គ្មានការត្រួតពិនិត្យខុសច្បាប់។

លោក ម៉ម ប៊ុននាង បាននាំយកអំណោយមកចែកជូនដល់ស្រ្តី ដែលមានកូនតូចចំនួន៦៧គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានសារុង០១ ត្រីខ០១ឡូ ទឹកស៊ីអីវ០១យួរ ទឹកត្រី០១យួរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម មី០១កេស និងថវិកាចំនួន១០ម៉ឺនរៀល ដែលមកពីទូទាំងឃុំគោកត្រប់ ស្រុកកណ្តាល ខេត្តកណ្តាល ដែលចំណាយថវិកាសរុបអស់៣៧,០០០,០០០រៀល។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះត្រួតពិនិត្យការជួសជុលផ្លូវក្រាលថ្មមិច ចំនួន០២ខ្សែ ដោយខ្សែទី១៖ ស្ថិតក្នុងភូមិគោកព្រីង មានទទឹង៥ម៉ែត្រ បណ្តោយ៩០០ម៉ែត្រ និងកម្រាស់១តឹក ខ្សែទី២៖ស្ថិតក្នុងភូមិចារ មានទទឹង៥ម៉ែត្រ បណ្តោយ៣០០ម៉ែត្រ និងកម្រាស់១តឹក ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងឱកាសនោះ លោកក៏បានប្រគល់ថវិកា ដល់ក្រុមការងារសាងសង់ផ្លូវ ចំនួន២១,២០០,០០០រៀល ដើម្បីដំណើរការជួសជុល និងកសាងផ្លូវ៕