(បាត់ដំបង)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបឋមមួយនៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ដោយឱ្យប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងសង្កែប្រុងប្រយ័ត្ន ដោយសារតែកម្ពស់ដងស្ទឹងនេះនឹងកើនឡើង ស្របពេលដែល ភ្លៀងធ្លាក់ខ្លាំងនៅស្រុកសំឡុង ដែលជាប៉ែកខាងលើស្ទឹងនេះ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា៖ «នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩នេះ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសកទឹកឡើងខ្លាំង ដូច្នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកតាមស្ទឹងសង្កែ ដូច្នេះនៅល្ងាច ឬយប់ទឹកនេះ នៅក្នុងស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងកើនឡើងខ្ពស់ អាស្រ័យ ដូចនេះសូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់»

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងខ្លាំងនៅខេត្ត២របស់កម្ពុជា ក្នុងនោះមានខេត្តព្រះសីហនុ និងខេត្តរតនគិរី។ ជំនន់ទឹកភ្លៀងខេត្តព្រះសីហនុ បានបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ ព្រមទាំងបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈមួយចំនួនផងដែរ៕