(ភ្នំពេញ)៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបាននគរបាលមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន ដោយដកហូតថ្នាំញៀនជិត១គីឡូក្រាម។

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែសីហានេះថា ដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៥៖៣០នាទី លោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយផ្ទាល់ កម្លាំងជំនាញ(ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការចូលរួមដឹកនាំសម្របសម្រួលពីលោក សឿ មុនីរ័ត្ន ព្រះរាជអាជ្ញារង បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅចំណុច តាមដងផ្លូវ ស្ថិតក្នុងភូមិអូឌឹម ក្នុងសង្កាត់ចោមចៅ ខណ្ឌស្ទឹងពោធិ៍សែនជ័យ រាជធានីភ្នំពេញ លទ្ធផល៖ ចាប់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ ដួង រស្មីច័ន្ទ ភេទស្រី កើតឆ្នាំ១៩៩១ ជនជាតិខ្មែរ។

ចំពោះវត្ថុតាងចាប់យកបាន រួមមានសារធាតុញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ ៩៨៦.៦៧ក្រាម និងទូរស័ព្ទដៃ១គ្រឿង៕