(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថាភាពទឹក និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិអណ្ដូងជីមើន ភូមិកំពង់គ្រែង ក្នុងឃុំកំពងគ្រែង ព្រមទាំងតាមភូមិសាស្ត្រដងព្រែកកំចាយ នៃស្រុកទឹកឈូ និងភូមិស្វាយធំ ភូមិក្រាំងនៃសង្កាត់ក្រាំងអំពិល ក្រុងកំពត។

ក្នុងជំនួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង លោក ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា ដោយផ្ដើមចេញនូវក្ដីកង្វល់ និងមានការជំរុញយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅពេលដែលជួបគ្រោះមហន្តរាយ ក៏ដូចបញ្ហាផ្សេងៗ និងក្នុងនាមលោក ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារចុះជួយខេត្តកំពត និងក្នុងនាមគណៈអភិបាល និងក្រុមប្រឹក្សានៃរដ្ឋបាលខេត្តកំពត លោកបានសម្ដែងការចូលរួមនូវក្ដីទុក្ខលំបាកជាមួយប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងនាពេលនេះទាំងអស់។

លោកអភិបាលខេត្តកំពតបានបញ្ជាក់បន្តថា បញ្ហាគ្រោះមហន្តរាយ គឺមិនអាចកំណត់បានឡើយ ប៉ុន្តែបញ្ហាសំខាន់ គឺរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមតាមរយៈយន្តការ ឬវិធានការណ៍នានាដើម្បីបង្កាទប់ស្កាត់ និងដោះស្រាយសង្គ្រោះអាយុជីវិតមនុស្ស ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពជាការចាំបាច់។

ឱកាសនោះដែរ លោកអភិបាលខេត្តក៏បានស្វែងយល់ និងអរគុណចំពោះការស្ដាប់នូវមតិសំណូមពរលើកឡើង ពីប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានដើម្បីជាទុនធ្វើផែនការអភិវឌ្ឍ ពិសេសការទប់ស្កាត់ ឬបញ្ចៀសនូវផលប់ះពាល់ពីជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋាននីមួយៗ ពេលខាងមុខ។

លោក ជាវ តាយ ក៏បានថ្លែងអំណរគុណកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នា ត្រៀមបង្កាជួយសង្គ្រោះប្រជាពលរដ្ឋ និងបានផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់ខ្ពស់ តាមដានក្នុងគោលដៅប្រឈមនានា បើមានបញ្ហាសូមប្រញាប់ ជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ដើម្បីជួយអន្តរាគមន៍សង្គ្រោះ មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយគ្រោះទឹកជំនន់ឡើយ។

ទន្ទឹមនោះប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវប្រកាន់យកចិត្តទុកដាក់នូវបញ្ហអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេស ក៏ត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្នចំពោះ កូនចៅដើម្បីបង្កាគ្រោះថ្នាក់លង់ទឹក ដោយយថាហេតុដែលបណ្ដាលមកពីការធ្វេសប្រហែស។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បាននាំយកនូវអំណោយ មានមី និងអង្ករ ព្រមទាំងថវិកាមួយចំនួន ដើម្បីជួយប្រជាពលរដ្ឋ ក្នុងដំណាក់កាលបន្ទាន់ផងដែរ។

សូមបញ្ជាក់ថា តាមការឲ្យដឹងពីអាជ្ញាធរ គិតត្រឹមថ្ងៃទី១០ ខែសីហានេះ នៅស្រុកទឹកឈូ មានឃុំដែលកំពុងប្រឈមនឹងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងនេះ គឺមានឃុំកំពង់គ្រែង ឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ។ រីឯក្រុងកំពត ក៏មានផលប៉ះពាល់នៅសង្កាត់ទាំង៥ នៃក្រុងផងដែរ។

ដោយឡែកចំពោះប្រជាពលរដ្ឋ នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ដែលបានជម្លៀសមកកាន់ទីទួលមានសុវត្ថិភាព នៅស្ថានីយ៍រថភ្លើងចំនួន៦០គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះចំនួន៦០គ្រួសារដែរ នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត៕