(ភ្នំពេញ)៖ បុរីឧកញ៉ា ឌួង ងៀប ទួលពង្រ បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការហើយ នៅថ្ងៃទី១០ ខែសីហានេះ ហើយលោកឧកញ៉ា ឌួង ឆាយ តំណាងគម្រោងបុរី បានដាក់ការរំពឹង នឹងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ព្រោះហេតុផលសំខាន់ៗមួយចំនួន ដូចជាកត្ដាដីឡើងថ្លៃ ភូមិសាស្ដ្រល្អ និងមានប្រជាពលរដ្ឋរស់នៅច្រើនជាដើម ។

ពិធីសម្ពោធដាក់លក់ផ្លូវការនេះ បានធ្វើឡើងក្រោមវត្តមានលោកឧកញ៉ា ឌួង ងៀប និងលោកឧកញ៉ា ឌួង ឆាយ តំណាងក្រុមហ៊ុន DNG Group និងជាតំណាងបុរីឧកញ៉ា ឌួង ងៀប និងលោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate ក៏ដូចជាវត្តមានភ្ញៀវកិត្តិយសជាច្រើនទៀត ។

លោកឧកញ៉ា ឌួង ឆាយ បានបញ្ជាក់ថា នេះគឺជាគម្រោងបុរីដំបូងរបស់ក្រុមហ៊ុន DNG Group ប៉ុន្ដែដោយផ្អែកលើគុណភាព សោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធធំទូលាយ ដែលផ្ដល់នូវផាសុខភាព សម្រាប់ការរស់នៅ និងការប្រកបអាជីវកម្ម ពិសេសលក់ក្នុងតម្លៃសមរម្យផងនោះ លោករំពឹងបុរីឧកញ៉ា ឌួង ងៀប ទួលពង្រ នឹងទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីអតិថិជន ក្រោយពិធីសម្ពោធនៅថ្ងៃសៅរ៍នេះ ។

លោកបន្ដថា «យើងរំពឹងដូច្នេះ ព្រោះបច្ចុប្បន្នតំបន់ហ្នឹង ដី និងផ្ទះ សុទ្ធតែឡើងថ្លៃ ។ តែបើយើងទិញដីតម្លៃបច្ចុប្បន្ន មកសង់ផ្ទះ យើងក៏មិនអាចលក់តម្លៃហ្នឹងដែរ ។ យើងលក់តម្លៃពិសេសនេះ ព្រោះដីយើងទិញយូហើយ ចឹងយើងសង់រួច លក់ចំណេញបានតិចតួច យើងក៏លក់ទៅ ។ ចឹងបងប្អូនទិញរួច ច្បាស់ជាចំណេញបន្ដទៀត ព្រោះតំបន់នេះ អភិវឌ្ឍន៍ខ្លាំង ទាំងលំនៅដ្ឋាន ធនាគារ រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធជាដើម»

លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ដែលទទួលបានសិទ្ធលក់គម្រោងបុរីឧកញ៉ា ឌួង ងៀប ទួលពង្រ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះគម្រោងនេះ ។ លោកថា «តំបន់នេះ អាចនឹងមានការកើនឡើងពី ១០% ជារៀងរាល់ឆ្នាំ បន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវទួលពង្រធ្វើរួចរាល់ ព្រោះជាតំបន់កំពុងអភិវឌ្ឍន៍ដ៏សម្បើម ដីឡើងថ្លៃ មានប្រជាពលរដ្ឋរស់នៅច្រើន និងមានចរាចរណ៍មមាញឹកទៀតផង» ។

គួរបញ្ជាក់ថា គម្រោងបុរីនេះ ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ ភូមិ ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយក្នុងឱកាសប្រកាសសម្ពោធលក់ផ្លូវការខាងលើ ក៏មានការលក់បញ្ចុះតម្លៃពិសេស សម្រាប់ភ្ញៀវកិត្តិយស ដែលបានចូលរួមចូលរួមផងដែរ ។ គម្រោងនេះ មានទាំងប្រភេទផ្ទះធ្វើអាជីវកម្ម និងផ្ទះសម្រាប់រស់នៅ ហើយបច្ចុប្បន្នផ្ទះភាគច្រើនបានសង់រួច ១០០% ហើយ ។ ពិសេសអតិថិជនអាចទិញបង់រំលោះរហូត ២០ឆ្នាំ ជាមួយអត្រាការប្រាក់ទាប ដោយយឆ្នាំទី១ ត្រឹម ៤,៩៩% និងឆ្នាំទី២ ត្រឹម ៧,៥០% ប៉ុណ្ណោះ ៕