(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានប្រកាសទាន់ចោលទាំងស្រុង ចំពោះព័ត៌មានបំភ្លើស និងមានលក្ខណៈញុះញង់មួលបង្កាច់ របស់ទណ្ឌិត សម រង្ស៊ី ដែលបានយកទៅបង្ហោះនៅលើ Facebook របស់ខ្លួននាំឲ្យមានការភ័ន្ដច្រឡំ ពីសំណាក់សាធារណជន។

ជាការឆ្លើយតបទៅទណ្ឌិតរូបនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅតែអះអាងពីចំណាត់ការដ៏ម៉ឺងម៉ាត់អនុវត្ដច្បាប់ ត្រៀមចាប់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកបើសិនវិលចូលស្រុកនៅពេលណានោះ។

យោងតាមសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទើបទទួលបាននៅវេលាថ្ងៃត្រង់ ទី១០ ខែសីហា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្ដាំទៅឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួកថា មិនដែលមានប្រវត្តិរត់ចោលស្រុក និងប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ប្រជាជន បំផ្លាញសេចក្ដីរបស់ជាតិនោះឡើយ។

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺទាំងស្រុងរបស់អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៖

«ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី ដែលជាមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ បានព្យាយាមបង្ហោះព័ត៌មាន ប្រឌិតបំផ្លើសបំភ្លៃ នូវការពិតដែលមានលក្ខណៈ ញុះញងមូលបង្កាច់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបំភ្លឺជូនសាធារណជន និងជនរួមជាតិ មេត្តាជ្រាបថា៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានតួនាទីដឹកនាំកម្លាំង នគរបាលជាតិគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព
សង្គមជូនប្រជាពលរដ្ឋ និងជាពិសេសដឹកនាំកម្លាំងអនុវត្តច្បាប់ ដើម្បីតាមចាប់ខ្លួនឧក្រិដ្ឋជន សម រង្សី និងបក្ខពួកតាមអំណាចសាលក្រម របស់តុលាការ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាមេដឹកនាំជាន់ខ្ពស់ នៃកងកម្លាំងនគរបាលជាតិ ដែលតែងតែនៅរួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋខ្មែរ និងខ្វាយខ្វល់ជានិច្ចពីសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយមិនដែលមានប្រវត្តិរត់ចោលស្រុក និងប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋ ឬធ្វើសកម្មភាពញុះញង បង្កចលាចលដល់សង្គមជាតិ ឬធ្វើសកម្មភាពណាមួយ ក្នុងគោលដៅបំផ្លិចបំផ្លាញជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ដូចទណ្ឌិតសម រង្ស៊ី និងបក្ខពួកនោះទេ។

នៅក្នុងឋានៈជាពលរដ្ឋខ្មែរថ្លៃថ្នូរមួយរូប ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មិនមានចេតនាធ្វើការតបត ជាមួយទណ្ឌិត សម រង្សី និងបក្សពួក ដែលជាក្រុមឧទ្ទាមក្រៅច្បាប់ តែងតែព្យាយាម ធ្វើឲ្យសង្គមចលាចល វឹកវរ បំផ្លាញសុខសន្តិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ»