(ព្រះសីហនុ-កំពត)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះថា កំណាត់ផ្លូវជាតិលេខ៤ នៅឃុំតានៃ ស្រុកព្រៃនប់ ដែលផ្អាកចរាចរណ៍នោះ ត្រូវបានបើកដំណើរការធម្មតាឡើងវិញហើយ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ កំពុងប្រចាំការនៅចំណុចខាងលើ ដើម្បីជួយសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ដោយឡែក សម្រាប់ផ្លូវជាតិលេខ៣វិញ ពីកំពត ទៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានប្រាប់បណ្ដាញព័ត៌មាន Fresh News ស្ថានការណ៍ចរាចរណ៍ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារតែស្ថានភាពទឹកហូរកាត់ផ្លូវខ្លាំង។

វិធានការចំពោះមុខ សមត្ថកិច្ច និងអាជ្ញាធរ បានច្រកបាវខ្សាច់ដើម្បីទប់ស្កាត់ជាជំហានដំបូង ខណៈដែលស្ថានភាពហាក់មិនថមថយនោះឡើយ៕