(ភ្នំពេញ)៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចាត់ទុកសាររបស់អង្គការ «ខុមហ្វ្រែល» ដែលបានលើកឡើងថា ការជន់លិចក្រុងព្រះសីហនុ ដោយសារតែជំនន់ទឹកភ្លៀងដោយសារតែគម្រោងខ្សែក្រវាង់ និងផ្លូវរបស់ចិននោះ គឺជាតិពុតត្បុត និងចេតនាដ៏ខ្មៅងងឹតមួយក្នុងការដុតបញ្ឆេះកំហឹងឈានទៅបំផ្លាញសង្គម។

តំបន់មួយចំនួននៅក្នុងក្រុងព្រះសីហនុនៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ បានរងការជន់លិចយ៉ាងខ្លាំងដោយសារភ្លៀងអស់ជាច្រើនម៉ោង។ រហូតមកដល់ថ្ងៃទី០៩ ខែសីហានេះ តំបន់មួយចំនួនទឹកស្រកស្រុតខ្លះហើយ តែនៅតំបន់មួយចំនួនទៀតនៅជន់លិចនៅឡើយ។

អង្គការខុមហ្វ្រែលដែលជាបណ្តុំអង្គការសង្គមស៊ីវិលចំនួន១២នៅកម្ពុជាគាំទ្រជំនួយទ្រទ្រង់សកម្មភាពដោយប្រទេសលោកខាងលិចនោះ បានហៅការជន់លិចនេះថា ជាផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរនៃគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា ដែលស្របតាមគម្រោងខ្សែក្រវាត់ និងផ្លុវ (one Belt one Road) របស់ចិនដែលមិនអាចនាំក្រុងព្រះសីហនុឲ្យដូចក្រុងសិង្ហបុរីដែលរដ្ឋាភិបាលប្រកាសចង់បាននោះទេ។

លោក ជា ចាន់បរិបូរណ៍ បានសម្តែងប្រតិកម្មជាខ្លាំងចំពោះការលើកឡើងនេះ។ លោកបានចាត់ទុកសារបង្ហាញចរិតពុតត្បុត និងខិលខូចរបស់អង្គការខុមហ្វ្រែល។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះបានបញ្ជាក់យ៉ាងដូច្នេះ «សារនេះបង្ហាញពីចរិតពុតត្បុតខិលខូចរបស់អង្គការខុមហ្វ្រែល។ ស្របពេលប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ជួបនូវគ្រោះជំនន់ទឹកភ្លៀង ហើយអាជ្ញាធរគ្រប់ជាន់ថ្នាក់កំពុងតែញាប់ដៃញាប់ជើងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ហើយខ្លួនបានចេញសារបែបនេះ គឺមានចេតនាពិតប្រាកដនៅក្នុងការបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងការរើសអើងពូជសាសន៍»

លោក ជា ច័ន្ទបរិបូរណ៍ បន្តថា «សំណេររបស់ខុមហ្រ្វែលនៅពេលនេះ មានចេតនាខ្មៅកខ្វក់នៅក្នុងការដុតបំផ្លាញ ក្នុងការដុតសង្គម ឆ្កឹះឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។ ឈប់បានឈប់ទៅអស់លោកធ្វើការឱ្យបរទេសមានលុយសម្រាប់រស់ខ្លួនឯង សប្បាយខ្លួនឯងក្លាយទៅជាដង្ខៅ NGO ទៅហើយ។ អ៊ីចឹងទេកុំបំផ្លាញសង្គមកម្ពុជាទាំងមូល ដែលប្រជាពលរដ្ឋត្រូវការជាចាំបាច់»

លោក ជា ច័ន្ទបរិបូរណ៍ បានទទួលស្គាល់ថា ការជន់លិចនេះមួយផ្នែកគឺបណ្តាលមកពីកត្តាកំណើនសំណង់អគារ និងកំណើនប្រជាពលរដ្ឋ។ តែបញ្ហាធំ គឺការធ្លាក់ភ្លៀងខ្លាំង រួមជាមួយការគ្រប់គ្រងសំរាមមិនបានល្អផង ធ្វើឱ្យទឹកហូររំដោះមិនទាន់។ មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកបង្ហាញថា មានប្រទេសជាច្រើននៅជុំវិញកម្ពុជា មានដូចជាថៃ វៀតណាម មីយ៉ាន់ម៉ា និងហ្វីលីពិនជាដើម សុទ្ធតែកំពុងរងគ្រោះពីការជន់លិចដូចគ្នា ដែលវាមិនមែនបណ្តាលមកពីគម្រោងអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវរបស់ចិននោះឡើយ។

សូមបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនៅក្នុងខេត្តព្រះសីហនុ កំពុងប្រឹងប្រែងយ៉ាងញាប់ដៃញាប់ជើងក្នុងការដោះស្រាយបញ្ហាជន់លិចនៅខេត្តព្រះសីហនុ និងជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព៕