(រតនគិរី)៖ រហូតមកដល់រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ឃុំមួយចំនួននៅស្រុកលំផាត់ និងស្រុកកូនមុំ កំពុងតែត្រូវទឹកជន់លិចដោយជំនន់ទឹកទឹកភ្លៀងទន្លេស្រែពក ខណៈកំណាត់ផ្លូវជាតិលេខ៧៦ តភ្ជាប់ពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរខេត្តរតនគិរី សម្រេចផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ន។

អភិបាលស្រុកលំផាត់លោក នូ ថេ បានប្រាប់ភ្នាក់ងារ Fresh News ថា ឃុំចំនួន៣នៅស្រុកលំផាត់ ដែលរងលិចលង់ដោយជំនន់ទឹកភ្លៀងទន្លេស្រែពកនោះ គឺឃុំជ័យឧត្តមរងផលប៉ះពាល់ធ្ងន់ជាងគេ។

លោកអភិបាលស្រុកបានបន្ថែមឲ្យដឹងទៀតថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ថង សាវុន ប្រធានគណៈបញ្ជាការឯកភាពខេត្ត, កម្លាំងប្រដាប់ទាំង៣ប្រភេទ សហការជាមួយអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

ខណៈជំនន់ទឹកភ្លៀង កំពុងតែវាយប្រហារយ៉ាងគំហុកនៅស្រុកលំផាត់ ខេត្តរតនគិរី បណ្ដាលឲ្យលិចផ្លូវក្នុងមូលដ្ឋានភូមិជ័យឧត្តម ឃុំជ័យឧត្តម ហើយប្រជាពលរដ្ឋបាននាំគ្នាយកទូក ដើម្បីដាក់ឆ្លងទៅវិញទៅមក ស្រាប់តែកំពុងឆ្លងនោះទឹកក៏ហូរកាន់តែខ្លាំង ធ្វើឲ្យលិចទូក និងបាត់ខ្លួនក្មេងស្រីម្នាក់។

ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដែលបានចុះអន្ដរាគមន៍សង្គ្រោះពលរដ្ឋនៅខេត្ដរតនគិរី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងវេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះថា ពិតជាមានករណីនេះកើតឡើងមែន ហើយក្មេងស្រីម្នាក់បាត់ខ្លួនហូរទៅតាមទឹក។

សូមបញ្ជាក់ថា ទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ បានហក់ឡើងយ៉ាងខ្លាំងដោយសារទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនត្រូវបានជនលិច អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចក្នុងខេត្តបានចេញអន្តរាគមន៍ភ្លាមៗផងដែរ ដោយស្វែងរកទីទួលមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ៕