(ព្រះវិហារ)៖ ផ្លូវមួយខ្សែដែលរងការខូខាតដោយជំនន់ទឹកភ្លៀងរយៈពេលកន្លងមក ពេលនេះត្រូវបានធ្វើការជួសជុលជាបណ្តោះអាសន្នឡើងវិញហើយ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ស្របតាមការណែនាំរបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នាឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅ។

នៅព្រឹកថ្ងទី៩ ខែសីហា ឆ្នាំ២០១៩នេះ លោក ប្រាក់ សុវណ្ណ បានដឹកនាំក្រុមការងាររួមមាន៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរធនធានទឹក មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរអង្គភាពមួយចំនួនទៀត ចុះពិនិត្យការជួសជុលបណ្តោះអាសន្នផ្លូវ១ខ្សែ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងស្ថិតក្នុងភូមិរំដោះ ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះលោក ប្រាក់ សុវណ្ណ បានថ្លែងកោតសរសើរដល់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់គិតគូរដោះស្រាយ ចំពោះបញ្ហាប្រឈមនានារបស់បងប្អូន ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានកោតសរសើរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានអនុវត្តតួនាទីភារកិច្ចបានទាន់ពេលវេលា តាមការណែនាំរបស់អជ្ញាធរខេត្ត។

ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា តបតាមការណែនាំរបស់លោក ប្រាក់ សុវណ្ណ មន្ទីរសាធារណការ និងដឹកជញ្ជូន បានធ្វើការជួសជុលបណ្តោះអាសន្នឡើងវិញ ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានស្រួលនោះ មន្ទីរសាធារណការ និងដឹកជញ្ជូន បានធ្វើការជួសជុលបណ្តោះអាសន្ន ផ្លូវដែលរងការខូចខាតដោយទឹកបានចំនួន២ខ្សែរ។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ការជួសជុសបណ្តោះអាសន្នផ្លូវ ដែលរងកាតខូចខាតដោយជំនន់ទឹកភ្លៀងឡើងវិញ គឺនៅភូមិភ្នៀត ឃុំតស៊ូ ស្រុកជយ័សែន គឺយើងបានកាយផ្លូវដាក់លូចំនួន ៦កង់ ដើម្បីបង្ហូទឹក ចំណែកនៅភូមិរំដោះ ឃុំរក្សា ស្រុករវៀង ខេតព្រះវិហារ យើងបានចាក់ដីប្រើគឿងចក្រឈូសឆាយ និងកិនបង្ហាប់ធ្វើយ៉ាងណាឲ្យពលរដ្ឋបានប្រើប្រាស់ រហូតមកដល់ពេលនេះ យើងបានជួសជុលបណ្តោះអាសន្នបាន ១០០%ហើយ។

ជាមួយគ្នានោះលោកប្រធានមន្ទីរ ក៏បានថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្ត ដែលបានផ្តល់ឈើសម្រាប់ជួសជុលស្ពានមួយកន្លែងផងដែរ៕