(ភ្នំពេញ)៖ លោក ពេជ្រ វិជ្ជាធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនសង្ស័យឈ្មោះ ហង់ វណ្ណី ភេទស្រី អាយុ៥៣ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ចំនួន៥ម៉ឺន រឿងលក់ខ្សាច់ ប៉ុន្តែគ្មានខ្សាច់ផ្គត់ផ្គង់តាមតម្រូវការ។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបឱ្យអង្គភាពព័ត៌មាន Fresh News បានដឹងថា ការសម្រេចដោះលែងនេះ គឺធ្វើឡើងបន្ទាប់ពី លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង បានបញ្ចប់ការសាកសួរលើស្ត្រីដែលជាជនសង្ស័យ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីសម្រេច។

បើយោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ដើមចមនៃរឿងបណ្តឹងករណីឆបោក(ប្រាក់ចំនួន៥០០០០$)នេះ គឺកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្រុម ៧ ភូមិខ.១សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សកែវ។ ជនរងគ្រោះមានឈ្មោះ ស៊ូ ធីវុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរមានទីលំនៅផ្ទះលេខ៤៥ ផ្លូវលេខ១២ សង្កាត់តាខ្មៅ ខ័ណ្ឌតាខ្មៅ ខេត្តកណ្តាលមុខរបរលក់ដូរ។ ចំណែកជនសង្ស័យឈ្មោះ ហង់ វណ្ណី ភេទស្រី អាយុ៥៣ឆ្នាំជនជាតិខ្មែរមានទីលំនៅស្នាក់នៅផ្ទះជួលក្រុម៧ភូមិខ.១សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរលក់ដូរ។

របាយការណ៍សមត្ថកិច្ច បានបន្តទៀតថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យបានទទួលប្រាក់កក់ពីជនរងគ្រោះ ចំនួន១ម៉ឺនដុល្លារ ដោយសន្យាដឹកខ្សាច់ឱ្យជនរងគ្រោះ ហើយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យបានទទួលប្រាក់កក់ចំនួន ៤ម៉ឺនដុល្លារទៀត ដោយសន្យាដឹកខ្សាច់ឱ្យជនរងគ្រោះ តែជនសង្ស័យពុំបានដឹកខ្សាច់ឱ្យជនរងគ្រោះទេ ហើយថែមទាំងព្យាយាមគេចខ្លួនទៀតផង ។

លុះដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានជួបជនសង្ស័យនៅចំណុចផ្លូវបេតុងក្រុមទី ៧ភូមិខ.១ សង្កាត់ច្រាំងចំរេះទ២ ក៏បានឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចអនុវត្តន៍តាមច្បាប់។ ទើបសមត្ថកិច្ចបានសម្រេច កសាងសំណុំបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីតែម្តង៕