(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ឆន្ទៈ និងគោលការណ៍នៃការដឹកនាំរបស់លោក មិនឱ្យមានការសូកប៉ាន់ ក្នុងការតែងតាំងថ្នាក់ដឹកនាំអង្គភាព ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ ដែលពិធីនេះបានធ្វើឡើង នៅទី០៨ ខែសីហា ឆ្នាំ២០១៩។ តាមសេចក្តីសម្រេច, លោកវរសេនីយ៍ឯក នូវ សំអុល ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ជំនួសលោកឧត្តមសេនីយ៍ទោ សាវិន វិបុល ដែលត្រូវបានទទួលការងារថ្មី។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការជ្រើសរើសរើសថ្នាក់ដឹកនាំអង្គភាព (មេបញ្ជាការ នាយសេនាធិការ) បានត្រឹមត្រូវ គឺជាកត្តាធានាបានសាមគ្គីភាព ឯកភាព និងប្រសិទ្ធភាពបានល្អ។ គោលការណ៍របស់កងទ័ពជើងគោក គឺការជ្រើសរើសថ្នាក់ដឹកនាំអង្គភាព ចាប់ពីថ្នាក់តំបន់ប្រតិបត្តិការសឹករង និងកងព្រំដែនឡើងទៅ ត្រូវមានគណៈកម្មការជើងគោកមួយ ដើម្បីពិនិត្យ វាយតម្លៃសំដៅធានាបានតម្លាភាព និងប្រសិទ្ធភាព។

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆន្ទៈ និងគោលការណ៍នៃការដឹកនាំរបស់ខ្ញុំ (មេបញ្ជាការកងទ័ពជើងគោក) គឺមិនឱ្យមានការសូកប៉ាន់ ក្នុងការតែងតាំងថ្នាក់ដឹកនាំអង្គភាព ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គឺជ្រើសរើសនាយទាហាន ដែលមានឆន្ទៈបម្រើជាតិតាមរយៈ ការវាយតម្លៃទៅលើសមត្ថភាព គុណធម៌ សីលធម៌ បទពិសោធន៍ សុខភាព ព្រោះយើងគិតពីបុគ្គលឱ្យមានយុត្តិធម៌ តម្លាភាពសមត្ថភាព និរន្តរភាព និងប្រសិទ្ធភាពរបស់អង្គភាព»។

លោកបន្តថា ខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្ដានុពល នៃការរីកចម្រើន ដូច្នេះទាមទារកងកម្លាំងប្រដាប់អាវុធ ដែលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីត្រៀមជួយដល់ប្រជាពលរដ្ឋ និងការងារសន្តិសុខផ្សេងៗ ក្នុងនោះផ្ដោតលើមេបញ្ជាការ និងនាយសេនាធិការ ដែលមានសមត្ថភាព និងឆន្ទៈនៅក្នុងការងារ។ បើការជ្រើសរើស ការតែងតាំងមិនប្រក្រតី ក្នុងរូបភាពសូកប៉ាន់ ដើម្បីផលប្រយោជន៍ សូមរកឱ្យឃើញនូវភស្តុតាង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ព្រោះយើងទទួលភារកិច្ចពីរាជរដ្ឋាភិបាល ក្នុងការជ្រើសរើសថ្នាក់ដឹកនាំអង្គភាព។

«នេះគឺជាអ្វីដែលជាការខិតខំរបស់យើង ដើម្បីផ្ដល់ទៅដល់អ្នកខំខិតខំប្រឹងប្រែង អ្នកដែលធ្វើការយូរនៅក្នុងអង្គភាព»។ នេះបើតាមការបញ្ជាក់ច្បាស់ៗ ពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការជ្រើសរើសថ្នាក់ដឹកនាំអង្គភាព គឺផ្ដោតលើយុត្តិធម៌សម្រាប់បុគ្គល និងយុត្តិធម៌សម្រាប់អង្គភាព។ បើគេផ្តោតយុត្តិធម៌សម្រាប់បុគ្គល គឺគេថ្លឹងថ្លែងយុត្តិធម៌សម្រាប់អង្គភាព ប្រសិទ្ធភាពការងារ និងការដឹកនាំបញ្ជា។ នេះគឺជាគោលការណ៍របស់កងទ័ពជើងគោក ដើម្បីបញ្ជាក់ឱ្យនាយទាហាន ថ្នាក់ដឹកនាំនៅក្នុងអង្គភាពបានយល់ច្បាស់ ព្រោះការដំឡើងឋានៈ ការតែងតាំងមុខងារណាមួយ មិនមែនជាការផ្ទេរសិទ្ធិអំណាចនោះទេ។ ប៉ុន្តែគឺជាការផ្ទេរការទទួលខុសត្រូវបន្តវេន ពីមួយជំនាន់ទៅមួយជំនាន់ដើម្បីប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច របស់កងយោធពលខេមរភូមិន្ទ៕