(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួងការពារជាតិ បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជាមួយកម្លាំង មកពីអង្គភាពផ្សេងៗ ដើម្បីចូលរួមក្នុងប្រតិបត្តិជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ជាពិសេស គ្រោះទឹកជំនន់នៅរដូវវស្សានេះ។

ការបញ្ជាក់បែបនេះរបស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទីទី០៩ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលដំណើរមាតុភូមិនិវត្តន៍កងកម្លាំងរក្សាសន្តិភាព របស់កម្ពុជា ចំនួន៣៨២នាក់ ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ នៅប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «អារឿងនេះ គឺយើងបានត្រៀមរួចហើយ ឥឡូវនេះ ក្រុមការងារ គឺគណៈកម្មការដែលយើង បានរៀបចំទុកជាស្រេច ជារៀងរហូតមកជាអចិន្ត្រៃយ៍ យើងបានត្រៀមរួចជាស្រេចហើយ កន្លែងណាដែលមានហេតុការណ៍កើតឡើង គឺយើងត្រៀមឱ្យបានឆាប់រហ័ស គ្រប់កម្លាំងរបស់យើងត្រៀមរួចជាស្រេច ជួយកិច្ចការងារនេះ»

ប្រមុខការពារជាតិ បានបន្តថា សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារតែកត្តាធម្មជាតិ គឺក្រសួងការពារជាតិ បានតៀមកម្លាំងជាប្រចាំ ដើម្បីធ្វើយ៉ាងណាចូលរួមជួយសង្គ្រោះ និងស្តារស្ថានភាពទាំងនោះមិនឱ្យធ្ងន់ធ្ងរបាន។

សម្តេចបានបន្ថែមទៀតថា ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យប្រុងប្រយ័ត្ន ត្រូវធ្វើយ៉ាងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងដោយសារគ្រោះធម្មជាតិនេះ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ដូច្នេះ ក្នុងនាមក្រសួងការពារជាតិ ដែលមានកម្លាំងជានាយទាហាន និងកងរាជអាវុធហត្ថនោះ បានត្រៀមមធ្យោបាយសម្ភារគ្រប់បែបយ៉ាងដែលមាន ដើម្បីបំពេញការងារនេះឱ្យទាន់ពេលវេលាផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្លាំងរបស់ក្រសួងការពារជាតិ បានប្រុងប្រៀបនៅតាមតំបន់គោលដៅរៀងៗ ដើម្បីបំពេញការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ជាពិសេសត្រូវតាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ដើម្បីត្រៀមលក្ខណៈជាមុន ការការពារទឹកជំនន់ បញ្ហាសុខភាព និងគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕