(ព្រះសីហនុ)៖ មានករណីរលំរបងថ្មសង្កត់កម្មករសំណង់ ដែលជាប្តី-ប្រពន្ធបណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអណោចអធម។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២៣៖៤០នាទី ស្ថិតក្នុងក្រុមទី២១ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កម្មករសំណង់ ២នាក់ប្តីប្រពន្ធដែលស្លាប់ បានមកធ្វើរោងស្នាក់នៅបណ្តោះអាសន្ន ជាប់របងផ្ទះធ្វើពីថ្មរៀបឥដ្ឋ មួយកន្លែងក្នុងទីតាំងកើតហេតុ ខាងលើនោះ។ ជនរងគ្រោះធ្វើជាកម្មករសំណង់ នៅកន្លែងផ្សេងទេ តែមកធ្វើរោងស្នាក់នៅកន្លែងកើតហេតុ។

ជនរងគ្រោះជាប្តី មានឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំ រីឯប្រពន្ធឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ។ ប្តីប្រពន្ធចំណាស់មួយគូនេះ មានស្រុកកំណើត ឃុំដូនតី ស្រុកពញាក្រែក ខេត្តកំពង់ចាម។

សាកសពត្រូវបានយកតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំក្រុមគ្រួសារសាច់ញ្ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះកម្លាំងជំនាញ កំពុងពិនិត្យកម្លាំងកើតហេតុ និងធ្វើការស្រាវជ្រាវបន្ត៕