(ភ្នំពេញ)៖ គណៈកម្មការជំនាញនៃរដ្ឋសភា បានអំពាវនាវឱ្យប្រជាពលរដ្ឋងាកមកទទួលទាន សាច់ជ្រូកឡើងវិញ ដោយកុំមានការបារម្ភអ្វីឱ្យសោះ។

លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានអំពាវនាវឱ្យប្រជាពលរដ្ឋ នាំគ្នាចូលរួមហូបសាច់ជ្រូកឡើងវិញ ដោយកុំមានការបារម្ភខ្លាំងខ្លាតទៅទៀត។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងពេលដែលគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងកម្មវិធីពិសារសាច់ជ្រូកសុវត្តិភាព «សាច់ជ្រូកនៅមានតែសុវត្តិភាពក្នុងការទទួលទានដោយពុំបាច់ព្រួយបារម្ភ» នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ នៅផ្សារក្រចេះ ខេត្តក្រចេះ។

ការធ្វើពិធីនេះគឺ ស្របពេលដែលគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជន បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បំពេញបេសសកម្មការងារនៅខេត្តក្រចេះ ក្នុងគោលបំណង សិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសលើការងារកសិកម្ម ការងារបរិស្ថានរបស់ខេត្ត។

ការអំពាវនាវរបស់គណៈកម្មការជំនាញរដ្ឋសភានេះ បានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទទួលទានសាច់ជ្រូកឡើងវិញ កាលពីពេលថ្មីៗកន្លងមកនេះ និងបានចេញសារចរណែនាំឱ្យមាន ការទប់ស្កាត់ការនាំចូលសាច់ជ្រូក និងសត្វជ្រូក ពីប្រទសជិនខាង ដែលធ្វើឱ្យឆ្លងជំងឺបេស្តជ្រូកអាហ្វេកមកកម្ពុជាផងដែរ៕