(ភ្នំពេញ)៖ ជនត្រូវចោទ ដែលជាអតីតបុគ្គលិកវិទ្យអាស៉ីសេរី ចំនួន២រូប នឹងត្រូវប្រកាសសាលក្រម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើយោងតាមមន្ត្រីតុលាការ បានបញ្ជាក់ប្រាប់បណ្តាព័ត៌មាន Fresh News។

មន្ត្រីរូបនេះបញ្ជាក់ថា៖ «នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ និងតំណាងអយ្យការ បានបញ្ចប់សវនាការ លើជនត្រូវចោទឈ្មោះ អ៊ួន ឈិន និងឈ្មោះ យាង សុភារិន្ទ (ហៅ យាង សុជាមេត្តា) ពីបទផ្តល់ព័ត៌មានដល់រដ្ឋ ឬភ្នាក់ងារបរទេស ដែលអាចអន្តរាយដល់ការការពារជាតិនោះ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោក អ៉ឹម វណ្ណៈ បានសម្រេចលើកយករឿងក្តីនេះ ទៅប្រកាសសាលក្រម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩»

ទោះជាយ៉ាងណាក៏ដោយ ជនត្រូវចោទឈ្មោះ អ៊ួន ឈិន និង យាង សុជាមេត្តា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ដដែលនេះ ក៏ត្រូវបានតុលាការជំនុំជម្រះលើបទចោទមួយទៀត គឺករណីផលិតវីឌីអូអាសអាភាស ហើយការផលិតវីដេអូអាសអាភាសនេះ គឺជាបទល្មើសទី២ ដែលលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានតុលាការចោទប្រកាន់ នៅក្នុងឆ្នាំ២០១៨ ក្រោយពិនិត្យលើវត្ថុ ដែលចាប់យកបានបង្ហាញភស្តុតាងដាក់បន្ទុក។

សូមបញ្ជាក់ថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍»។ អ្នកទាំងពីរត្រូវបានតុលាការឃុំខ្លួន ក្នុងពន្ធនាគារអស់ជិត១ឆ្នាំ បន្ទាប់មកត្រូវបានតុលាការដោះលែង ឱ្យនៅក្រៅឃុំ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

ការចាប់ខ្លួនរបស់បុគ្គលវិទ្យុអាស៉ីសេរីនេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុរបស់អាមេរិកមួយនេះ បានបិទការិយាល័យលួចលាក់របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលអាជ្ញាធរកម្ពុជា បានរឹតបន្តឹងលើអង្គភាពផ្សព្វផ្សាយទាំងឡាយដែលគ្មានច្បាប់អនុញ្ញាត៕