(សៀមរាប)៖ សម្រាប់ឆ្នាំ២០១៩ គឺជាលើកទី៣ហើយនៃកម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក-យូណេស្កូ នៅរមណីយដ្ឋានអង្គរ ដែលមានយុវជនចូលរួម ១៨នាក់ មកពី៨ប្រទេស រួមមានកម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូឡុំប៊ី ប៊ុលហ្ការី ឥណ្ឌា និងចិន ដែលមានរយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧-១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីសិក្សា និងទទួលបទពិសោធន៍អំពីការងារអភិរក្ស និងគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា។

ពិធីនេះបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែសីហា ក្រោមវត្តមានលោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទេសចរណ៍អង្គរ លោក ម៉ី កុសល តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប និងអ្នកស្រី Boram SHIN នាយកវិទ្យាស្ថានកូរ៉េ-អង្គរ ដើម្បីបេតិកភណ្ឌ (KACHI)។

មានមតិទៅកាន់កម្មវិធី អ្នកស្រី Boram SHIN បានឱ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងបំណងបង្កើនការយល់ដឹង និងពង្រឹងការចូលរួមរបស់យុវជននៅថ្នាក់មូលដ្ឋាន និងពិភពលោកទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌធម្មជាតិ។

អ្នកស្រីបន្តទៀតថា សម្រាប់យុទ្ធនាការអ្នកស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក ឆ្នាំ២០១៩ មានគម្រោងចំនួន ៦៨ ទាក់ទងនឹងបេតិកភណ្ឌចំនួន ៦២ ក្នុងប្រទេសចំនួន ៣៦ ហើយមានអង្គភាពយុវជនស្ម័គ្រចិត្តចំនួន ៥៥ ដែលបានប្តេជ្ញាអនុវត្តសកម្មភាពឆ្ពោះទៅកាន់គោលដៅរួមនៃការអភិរក្សនិងផ្សព្វផ្សាយ។

លោក សុខ សង្វារ បានលើកឡើងថា អង្គរ មានគម្រោងស្រាវជ្រាវជាច្រើនទាក់ទងនឹងសំណង់ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និងរបកគំហើញផ្សេងៗ ដែលបានបកសា្រយតាមបែបវិទ្យាសាស្ត្រគួរឱ្យកត់សម្គាល់។ ក្រៅពីនេះ អង្គរ គឺជាដួងព្រលឹងនៃជនជាតិខ្មែរ ដែលសម្បូរទៅដោយមរតកវប្បធម៌រូបី និងអរូបីជាច្រើន ហើយនៅតែមានការគោរពប្រតិបត្តិរហូតដល់សព្វថ្ងៃ និងបណ្តុះគំនិតនៃការគោរព ថែរក្សាអង្គររបស់ប្រជាជនក្នុងនោះជាស្រេច។

តាមរយៈការងារស្ម័គ្រចិត្តលើការងារបេតិកភណ្ឌផ្ទាល់ ការចុះជួបសហគមន៍ និងស្តាប់បទបង្ហាញពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាលើផ្នែកផ្សេងៗ លោកជឿជាក់ថា យុវជននឹងមានការយល់ដឹងកាន់តែច្បាស់អំពីបេតិកភណ្ឌ ស្រឡាញ់បេតិកភណ្ឌ គោរពបេតិកភណ្ឌ ហើយនឹងចូលរួមថែរក្សាបេតិកភណ្ឌគ្រប់ៗគ្នា ពិសេសសកម្មភាពនេះក៏នឹងបង្ហាញភាពជាគំរូដល់យុវជន និងសាធារណជនដទៃទៀតឱ្យបណ្តុះស្មារតីគោរពស្រឡាញ់ និងចូលរួមការពារបេតិកភណ្ឌទាំងអស់គ្នា៕