(ក្រចេះ)៖ កម្លាំងអាវុធហត្ថស្រុកស្នូល ខេត្តក្រចេះ ដឹកនាំដោយផ្ទាល់ដោយលោក អ៊ុល ឆាយ មេបញ្ជាការអាវុធហត្ថស្រុកស្នួល នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការ បង្រ្កាបគ្រឿងញៀន១កន្លែង ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ និងដកហូតថ្នាំញៀនបានជិត១គីឡូក្រាម ស្ថិតនៅភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

លោក អ៊ុល ឆាយ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដោយមានការសម្របសម្រួលពីលោក ធុច បញ្ចះសន្តិភាព ព្រះរាជអជ្ញារងសាលាដំបូងខេត្តក្រចេះ បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់មាន៖ ឈ្មោះ អោក ចាន់វ៉ានថន ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល និងឈ្មោះ ហុង ស៊ីណា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ សង្កាត់លេខ៩ ខណ្ឌចំការមន ក្រុងភ្នំពេញ។

ក្នុងប្រតិបត្តិការនេះដែរ បានដកហូតវត្ថុតាងម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន១០កញ្ចប់ (ធំ៧ តូច២ និងថង់ជាប់សារធាតុញៀន ដែលប្រើប្រាស់រួចចំនួន១) ម៉ូតូចំនួន១គ្រឿង ដាវស៊ាំម៉ារ៉ៃ១ មួកសុវត្តិភាព១ ដែកកេះមួយ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមវត្ថុតាងបានឃាត់ខ្លួន និងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅអាវុធហត្ថខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕