(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលពីលោក លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន៨នាក់ ក្នុង២ករណីផ្សេងគ្នា ដោយបានដកហូតគ្រឿងញៀន ជិត២គីឡូក្រាម។

លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះថា នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលបង្រ្កាបបានជាមុខសញ្ញាចាស់ ដែលមានឈ្មោះ ឆៃ ឌិចឡាមី ហៅហ៊ុច ភេទស្រីអាយុ ៤៨ឆ្នាំ នៅភូមិស្ថិតក្នុងផ្លូវជាតិលេខ១ (ផ្លូវជាតិលេខ៥៦A) ស្ថិតក្នុងភូមិកន្តួត សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាង ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន២៧ថង់ធំ, ថ្នាំញៀនប្រភេកាកអំពៅ ២០ថង់ធំសរុបទម្ងន់១,៨២៤.១៩ក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ពណ៌ក្រហម ចំនួន១១ថង់ពណ៌ខៀវ និង១ថង់ប្លាស្ទិក សរុបទម្ងន់២២៨.៩៦ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន និងថង់ប្លាស្ទិកមួយចំនួនធំ។

ដោយឡែកនៅស្រុកមង្គលបូរី តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី ក៏បានឲ្យដឹងដែរថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ២នាក់ កំលាំងជំនាញអធិការស្រុកមង្គលបូរី បានចុះចាប់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ជាបន្តបន្ទាប់បានចំនួន៧នាក់ ដកហូតវត្ថុតាង៖ ម្សៅក្រាមព៌ណសថ្លា២កូនថង់តូច, បំពង់ទែម៉ូម៉ែត្រចំនួន១, សំបកថង់ប្លាស្ទិចសំរាប់ច្រកថ្នាំញៀន១, ដែកកេះចំនួន៣, បំពង់ជ័រសំរាប់ចូក និងជក់ចំនួនពីរ, ទូរសព្ទដៃចំនួន២គ្រឿង, ម៉ូតូធំមួយគ្រឿងម៉ាក CBR ពណ៍ស ខ្មៅ។

ឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ដែរថា ចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនស្ត្រីម្នាក់ ដែលនគរបាលបង្ក្រាបនៅក្រុងសិរីសោភ័ណរួមទាំងវត្ថុតាង និងមុខសញ្ញាចែកចាយ២នាក់ រួមកទាំងអ្នកបប្រើប្រាស់ចំនួន៥នាក់ ដែលកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បង្រ្កាបរួមទាំងវត្ថុតាង គឺត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីចាត់វិធានការតាមតាមផ្លូវច្បាប់៕