(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានសុទិដ្ឋិនិយមថា លោក Patrick. Murphy ដែលនឹងមកកាន់តំណែងជាអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែមានភាពល្អប្រសើរ។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វត្តមានលោក Patrick. Murphy ឯកអគ្គរដ្ឋទូត នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានលក្ខណៈល្អប្រសើរ ដោយសារលោកទូត មានបទពិសោធន៍ និងចំណេះដឹងការងារការទូតច្រើនឆ្នាំ, លោកនឹងធ្វើការងារការទូត»។

លោក W. Patrick Murphy ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័ត ឱ្យក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសខ្លួន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

មុនការអនុម័តនោះ លោក Murphy គឺជាឧបការីរងទទួលបន្ទុកកិច្ចការអាស៉ីបូព៌ា និងប៉ាស៉ីហ្វិក ហើយក៏ធ្លាប់ធ្វើការនៅស្ថានទូតអាមេរិក ប្រចាំប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ាផងដែរ។

រយៈពេលជាងច្រើនខែមកហើយ ចាប់តាំងពីលោក William Heidt អតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំរាជធានីភ្នំពេញ បានបញ្ចប់មុខតំណែង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថានទូតអាមេរិក មិនមានអគ្គរដ្ឋទូតគ្រប់គ្រងនោះទេ៕