(ភ្នំពេញ)៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា ប្រទេសនីមួយៗមិនអាចមានតម្លៃភ្លើងដូចៗគ្នាបានទេ ពីព្រោះតែប្រទេសមួយៗ មានរចនាសម្ព័ន្ធខុសៗគ្នា ការរីកចម្រើនក៏ខុសគ្នា និងស្ថានភាពអំណោយផលក៏ខុសគ្នា ហើយទាក់ទងនឹងទំហំទីផ្សារ ការប្រើប្រាស់ និងធនធានមានក្នុងស្រុកក៏មិនដូចគ្នាដែរ ទើបធ្វើឱ្យតម្លៃភ្លើងមិនអាចដូចគ្នាបាននោះទេ។

លោក កែវ រតនៈ បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបាន ចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពី «ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង» ដែលបានរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅអគារជាន់ផ្ទាល់ដី នៃទីស្តីការគណៈរដ្ឋមន្ត្រី។ ដែលសន្និសីទនេះមានទិសដៅ និងគោលបំណងពន្យល់ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលកំពុងផ្តោតការយកចិត្តទុកដាក់លើបញ្ហា ដែលពាក់ព័ន្ធទៅនឹងកុងទ័រភ្លើង។

លោក កែវ រតនៈ បានលើកឡើងថា ជាកាពិតថ្លៃភ្លើងប្រទេសកម្ពុជា មិនទាន់ថោកជាង ប្រទេសវៀតណាម និងប្រទេសថៃទេ ហើយការមិនថ្លៃដូចគ្នានេះ ដោយសារមានកត្តាដោយឡែកៗពីគ្នា ជាក់ស្តែងប្រទេសវៀតណាម បានប្រើប្រាស់ភ្លើងសរុបជាង៤ម៉ឺនមេកាវ៉ាត់រួចមកហើយ ហើយប្រទេសកម្ពុជាមានភ្លើងប្រើប្រាស់ត្រឹមតែប្រមាណ២ពាន់មេកាវ៉ាត់តែប៉ុណ្ណោះ ដូចនេះហើយមិនអាចឱ្យតម្លៃភ្លើង របស់ប្រទេសដែលមានបរិមាណភ្លើងជាង៤ម៉ឺនមេកាវ៉ាត់ មកឱ្យមានតម្លៃ ដូចប្រទេសដែលមានត្រឹមតែ២ពាន់មេកាវ៉ាត់នោះទេ។

លោក កែវ រតនៈ បានបន្ថែមថា វៀតណាមមានប្រភពភ្លើងប្រើប្រាស់ច្រើនណាស់ ទើបគេអាចទម្លាក់តម្លៃភ្លើងបាន ហើយម្យ៉ាងទៀតនោះវៀតណាម មានប្រភពធ្យូងថ្មក្នុងស្រុក ហើយមានទាំងឧស្ម័នខ្លួនឯងផង និងបាននាំចេញទៀតផង ខណៈដែលប្រទេសកម្ពុជា មិនទាន់មានឧស្ម័ននោះទេ ដូចនេះហើយទើបតម្លៃភ្លើងគេអាចចុះថោកបានជាងប្រទេសយើង។ ប្រទេសវៀតណាម គេមិនមានសង្គ្រាមយូរហើយ គេមានពេលក្នុងការអភិវឌ្ឍន៍អគ្គិសនីរបស់គេតាំងពីយូរណាស់មកហើយ ដោយឡែកប្រទេសកម្ពុជាយើងវិញ យើងទើបតែបានបញ្ចប់សង្គ្រាម មានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានតែប៉ុន្មានឆ្នាំនោះទេ។

លោក កែវ រតនៈ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំដ៏ខ្លីនេះ យើងបានខិតខំអភិវឌ្ឍវារីអគ្គិសនីរបស់យើងនៅក្នុងព្រៃ ដោះមីនផង អភិវឌ្ឍន៍ផង ការពារផង ហើយនៅពេលដែលមានអភិវឌ្ឍន៍ប៉ុណ្ណឹងហើយនោះ ក៏នៅតែមានក្រុមប្រឆាំងផ្កាប់មុខមួយចំនួន បានធ្វើបាតុកម្មប្រឆាំងមិន ឱ្យមានការអភិវឌ្ឍន៍វារីអគ្គិសនីទៀត ប៉ុន្តែសំណាងដែលមានប្រជាពលរដ្ឋយ៉ាងច្រើនគាំទ្រសន្តិភាព និងការអភិវឌ្ឍ ទើបយើងធ្វើបានប៉ុន្មាននេះ ដែលបានធ្វើឱ្យតម្លៃភ្លើងមានការធ្លាក់ចុះ។

អគ្គនាយកអគ្គិសនីកម្ពុជា បានបន្ថែមទៀតថា ដោយឡែកប្រទេសថៃវិញ គេមានថាមពលភ្លើងប្រើប្រាស់៤ម៉ឺនមេកាវ៉ាត់ដែរ ហើយមានហ្គាស និងឧស្ម័នខ្លួនឯងទៀត ទើបគេអាចទម្លាក់តម្លៃភ្លើងបាន។ ប្រទេសនីមួយៗ មិនអាចមានប្រទេស២ណា ដែលមានតម្លៃភ្លើងដូចៗគ្នាបានទេ ពីព្រោះតែប្រទេសមួយៗ មានរចនាសម្ព័ន្ធខុសៗគ្នា និងការរីកចម្រើនក៏ខុសគ្នា និងអំណោយផលខុសគ្នា ទើបតម្លៃភ្លើងនេះខុសគ្នាដែរ ហើយក៏អាចទាក់ទងនឹងទំហំទីផ្សារ ការប្រើប្រាស់ និងធនធានមានក្នុងស្រុកផងដែរ។

លោកក៏បានបន្ថែមថា អ្វីដែលដូចគ្នានោះគឺមានការប្រើប្រាស់សូឡាទេ ហើយប្រទេសកម្ពុជានឹងមានការប្រើប្រាស់សូឡា បាន១៥ភាគរយនៅឆ្នាំក្រោយនេះ ហើយក៏ជាប្រទេសដែលមានតម្លៃសូឡាថោកជាងគេបង្អស់ នៅក្នុងអាស៊ានផងដែរ ដែលជាក់ស្តែងតម្លៃសូឡានៅឡាវ ជាង៨សេនក្នុងមួយគីឡូវ៉ាត់ម៉ោង នៅវៀតណាម៩.៣៥សេន នៅថៃជាង១០សេន ខណៈនៅកម្ពុជា មានតម្លៃតែ៧.៦ សេន ក្នុងមួយគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ៕