(ភ្នំពេញ)៖ ក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង» នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោក កែវ រតនៈ ប្រធានអគ្គិសនីកម្ពុជា បានពន្យល់អំពីចម្ងល់លើ «ករណីភ្លើងដាច់ ប៉ុន្តែកុងទ័រភ្លើង ឬនាឡិកាស្ទុងអគ្គិសនីកើនឡើង ទៅវិញ»

ទាក់ទងទៅនឹងចម្ងល់ពីប្រជាពលរដ្ឋ ដែលប្រើប្រាស់អគ្គិសនីចោទថា ភ្លើងដាច់ច្រើនលើកច្រើនសារក្នុងមួយថ្ងៃៗ ប៉ុន្តែកុងទ័រភ្លើងបែរជាឃើញ មានការប្រើប្រាស់ច្រើនជាងមុន លោក កែវ រតនៈ បានដាក់សំណួរឱ្យគិតវិញថា ចុះពេលភ្លើងមិនដាច់ ប៉ុន្តែកុងទ័រប្រើប្រាស់ធ្លាក់ចុះជាងមុន ហេតុអ្វីបានជាប្រជាពលរដ្ឋមិនឆ្ងល់ផង។ លោកបានពន្យល់ថា បញ្ហាកុងទ័រភ្លើងកើតឡើង ដោយសារបញ្ហា៣ រួមមាន៖ បញ្ហាអាកាសធាតុ បញ្ហាខ្ជះខ្ជាយថាមពល និងបញ្ហាឧបករណ៍អគ្គិសនីចាស់ៗ។

សម្រាប់ចំណុចអាកាសធាតុ លោក កែវ រតនៈ បានថ្លែងថា អត្រាអាកាសធាតុនេះសំខាន់ណាស់ ពោលការប្រើប្រាស់ថាមពលនៅរដូវប្រាំង និងរដូវវស្សា មានភាពខុសគ្នា ដូចនៅប្រទេសអឺរ៉ុប នៅរដូវត្រជាក់ និងរដូវមិនត្រជាក់ ក៏ប្រើប្រាស់អគ្គិសនីខុសគ្នាដែរ។ ជារួម ការប្រើប្រាស់ថាមពលអគ្គិសនី នៅរដូវក្តៅមានច្រើនជាការប្រើប្រាស់នារដូវត្រជាក់។

ជាមួយគ្នានេះដែរ ទាក់ទងនឹងបញ្ហាខ្ជះខ្ជាយថាមពល ប្រធានអគ្គិសនីកម្ពុជារូបនេះ បានអះអាងថា ការប្រើប្រាស់ប្រែប្រួលពីខែមួយទៅខែមួយ អាស្រ័យទៅនឹងរបៀបរបប របស់ប្រជាពលរដ្ឋផ្ទាល់ ដោយសារថាប្រសិនបើ ផ្ទះមួយទិញសម្ភារៈថែម ធ្វើឱ្យឡើងគីឡូភ្លើងថែម ការសាកភ្លើងទូរស័ព្ទមិនដកឌុយ ការសាកកុំព្យូទ័រពេលសាកពេញហើយ នៅតែដោតចោលនោះ ការប្រើប្រព័ន្ធទឹកក្តៅមិនបិទកុងតាក់ សុទ្ធតែរបៀបធ្វើឱ្យខាតថាមពល។ លោកបន្តថា សូម្បីតែម៉ាស៉ីនត្រជាក់ដដែល ប៉ុន្តែអាចថាមានអ្នកមកលេងច្រើន មកគេងផ្ទះច្រើន មានអ្នកឈឺច្រើន ក៏មានការប្រើប្រាស់អគ្គិសនីច្រើនដែរ។

លើសពីនេះទៅទៀត លោក កែវ រតនៈ ក៏បានពន្យល់ពីបញ្ហាឧបករណ៍អគ្គិសនីចាស់ៗ។ លោកអះអាងថា តាមការសិក្សារបស់ពិភពលោក ឧកបករណ៍អគ្គិសនីកាន់តែចាស់ វាកាន់តែស៉ីថាមពល។ លោកថ្លែងថា អញ្ចឹងហើយបានជាទូរទឹកកក ម៉ាស៉ីនត្រជាក់ កង្ហារ គេលើកទឹកចិត្តឱ្យប្រើថ្មី ព្រោះថាឧបករណ៍កាន់តែចាស់ ប្រសិទ្ធភាពកាន់តែធ្លាក់ ហើយបើកាលណាប្រសិទ្ធភាពកាន់តែធ្លាក់ វាស្រូបថាមពលកាន់តែខ្លាំងដូចគ្នា៕