(ភ្នំពេញ)៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ឯក ថា បាននិយាយថា ការកាត់បន្ថយថ្ងៃឈប់សម្រាកពី២៨ថ្ងៃមកនៅត្រឹម២២ថ្ងៃ សម្រាប់ឆ្នាំ២០២០នោះ នឹងធ្វើឱ្យកម្ពុជាអាចទាក់ទាញបន្ថែមទៀតនូវវិនិយោគិនជាតិ និងអន្ដរជាតិ ចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេស ឱ្យកាន់តែមានសន្ទុះខ្លាំងឡើង។

លោក ឯក ថា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានសម្រេចកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកការងាររបស់មន្រ្ដីរាជការ និយោកជិត កម្មករប្រចាំ ឆ្នាំ២០២០ ពីព្រោះរាជរដ្នាភិបាលចង់ឱ្យព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពទាក់ទាញបន្ថែមទៀតពីវិនិយោគិនជាតិ និងអន្ដរជាតិ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងមន្ថែមទៀត»

រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យចំនួន៦ថ្ងៃ ពោលគឺកាត់បន្ថយថ្ងៃបុណ្យពីថ្ងៃបុបុណ្យចំនួន២៨ថ្ងៃ មកនៅត្រឹម២២ថ្ងៃ ក្នុង១ឆ្នាំៗវិញ ដោយអនុវត្តចាប់ពីឆ្នាំ២០២០តទៅ។

នៅឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយចំនួនពីរថ្ងៃ ពោលថ្ងៃឈប់សម្រាកនៅសល់តែមួយថ្ងៃប៉ុណ្ណោះ។

ចំណែកពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត មិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកទៀតនោះឡើយ ចាប់ពីឆ្នាំ២០២០ខាងមុខនេះ ក្នុងនោះ រួមមាន៖ បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទិវាសិទ្ធិមនុស្ស ១០ធ្នូ ជាដើម។

ដោយឡែកថ្ងៃឈប់សម្រាបបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកន្លងទៅមាន៣ថ្ងៃនោះ ត្រូវបានបន្ថែម១ថ្ងៃទៀត ធ្វើឱ្យមានរយៈពេល៤ថ្ងៃ។

ប្រទេសកម្ពុជា មានថ្ងៃឈប់សម្រាក នៅក្នុងឱកាសពិធីបុណ្យផ្សេងៗចំនួន២៨រៀងរាល់ឆ្នាំ ដែលថ្ងៃឈប់សម្រាកនេះ មានចំនួនច្រើនជាងប្រទេសដទៃទៀត នៅក្នុងតំបន់។ កន្លងទៅ កម្ពុជាទទួលរងការរិះគន់ពីក្រុមវិនិយោគិន ថៅកែរោងចក្រថា ដោយសារតែមានថ្ងៃឈប់សម្រាកបុណ្យជាតិ-អន្តរជាតិ (​Public holidays) ច្រើននេះហើយ បានធ្វើឱ្យផលិតភាពថយចុះ។

ខាងក្រោមនេះជាចំនួនថ្ងៃឈប់សម្រាកបុណ្យសម្រាប់ឆ្នាំ២០២០ ខាងមុខនេះរួមមាន៖
១៖ ថ្ងៃចូលឆ្នាំសកល ១មករា សម្រាក ១ថ្ងៃ
២៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា សម្រាក ១ថ្ងៃ
៣៖ ទិវានារីអន្តរជាតិ ៨ មីនា សម្រាក ១ថ្ងៃ
៤៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាក ៤ថ្ងៃ (១៣-១៤-១៥-១៦ មេសា)
៥៖ ទិវាពលកម្មអន្តរជាតិ ១ឧសភា សម្រាក ១ថ្ងៃ
៦៖ ពិធីបុណ្យពិសាខបូជា ថ្ងៃ៦ ឧសភា សម្រាក ១ថ្ងៃ
៧៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី១០ ឧសភា សម្រាក ១ថ្ងៃ
៨៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នៅថ្ងៃទី១៤ ឧសភា សម្រាក ១ថ្ងៃ
៩៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នៅថ្ងៃទី១៨ ខែមិថុនា សម្រាក ១ថ្ងៃ
១០៖ ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ថ្ងៃ (១៦-១៧-១៨ កញ្ញា)
១១៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ថ្ងៃ២៤ កញ្ញា សម្រាក ១ថ្ងៃ
១២៖ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថ្ងៃ១៥ តុលា សម្រាក ១ថ្ងៃ
១៣៖ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃ២៩ តុលា សម្រាក ១ថ្ងៃ
១៤៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ (៣០-៣១ តុលា និង ០១ វិច្ឆិកា)
១៥៖ ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ថ្ងៃ៕