(ក្រចេះ)៖ ករណីឃាតកម្មមួយ បានកើតឡើងដោយប្តីកាប់ប្រពន្ធខ្លួនឯងបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបាត់ តែកម្លាំងនគរបាលកំពុងចាប់ខ្លួន។ អំពើឃាតកម្មនេះ បានកើតឡើងនៅយប់ថ្ងៃទី៥ ខែសីហារ ស្ថិតនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះ។

មន្រ្តីនគរបាលប៉ុស្ដិ៍សង្កាត់អូរឬស្សី បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គង់ ស្រីតូច អាយុ២៧ឆ្នាំ រីឯជនដៃដល់ជាប្ដីឈ្មាះ សំ សុភ័ក្រ្តា រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

បើតាមមន្រ្តីនគរបាលមូលដ្ឋាន កន្លងមកជនរងគ្រោះ និងជនរងគ្រោះ មានជម្លោះរហូតដល់ជនរងគ្រោះ សម្រេចចិត្តដាក់ពាក្យបណ្តឹងសុំលែងលះគ្នា ប៉ុន្តែជនដៃដល់ពុំយល់ព្រមឡើយ។ លុះនៅថ្ងៃកើតហេតុ វេលាម៉ោងជាង ៧យប់ ជនរងគ្រោះជិះម៉ូតូទៅទិញបង្អែម ស្រាប់តែពេលត្រឡប់មកផ្ទះវិញ ត្រង់ចំណុចផ្លូវលំច្រកចូលផ្ទះត្រូវបានជនសង្ស័យ បានកាន់កាំបិតផ្គាក់កាប់ជនរងគ្រោះ ជាច្រើនកាំបិតត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។

ក្រោយកាប់ប្រពន្ធរួចហើយ ជនដៃដល់បានរត់គេចខ្លួនបាត់។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងតាមស្វែងរកចាប់ជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕