(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមទាំងមន្រ្តីជំនាញ បានអញ្ជើញចុះពិនិត្យចំណុចស្ពានអូរគគីតំបន់ពេជ្រនិល ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រ១០៦-១០៧ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។

មន្រ្តីសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា នៅតំបន់នោះមានករណីទឹកហូរច្រោះបាក់ក្បាលស្ពានកើតឡើង បណ្តាលឲ្យបាក់ស្រុតក្បាលស្ពានខាងផ្នែកខាងជើង ធ្លាក់បង្កាន់ដៃស្ពានប្រវែង២ម៉ែត្រ ចុះទៅក្រោម និងស៊ីរូងដីចូលទៅទ្រូងផ្លូវប្រហែល១ម៉ែត្រ។

ចំពោះស្ថានការចំពោះមុខនេះ អភិបាលខេត្តបានណែនាំឲក្រុមមន្រ្តីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ចុះធ្វើការជួសជុលជាបឋមភ្លាមៗ ដើម្បីទប់ស្កាត់នូវហានិភ័យគ្រោះថ្នាក់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់។

សូមបញ្ជាក់ថា ចំណុចស្ពានអូរគគីតំបន់ពេជ្រនិល បាននិងកំពុងទទួលរងការគំរាមកំហែងទឹកហូរកាត់ ដោយសារការធ្លាក់ភ្លៀងជាបន្តបន្ទាន់ ដែលតំបន់នេះតែងតែទទួលរងស្ថានភាពបែបនេះ ជារៀលរាល់ឆ្នាំ។

កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា នៅរយៈពេលនេះ កម្ពុជារងនូវឥទ្ធិពលសម្ពាធទាបនៃព្យុះចំនួន៣ បង្កឲ្យមានភ្លៀងធ្លាក់ច្រើន ពិសេសខេត្តជាប់សមុទ្រមានភ្លៀងធ្លាក់ខ្លាំង ខណៈខេត្តកោះកុង ព្រះសីហនុ និងផ្លូវជាតិលេខ៤ ប្រឈមនឹងជំនន់ទឹកភ្លៀង។

ក្រសួងធនធានទឹកបានអំពាវនាវឲ្យសាធារណជន យកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នចំពោះ៖

* ឥទ្ធិពលនៃល្បឿនខ្យល់ខ្លាំងក្នុងកម្រិតពី ១៥-២០ម៉ែត្រក្នុង១វិនាទី។
* រលកសមុទ្រធំ ដែលកម្ពស់អាចពី ១-២ម៉ែត្រ ។
* ជំនន់ទឹកភ្លៀង ពិសេសក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ព្រះសីហនុ និងកំណាត់ផ្លូវជាតិលេខ៤៕