(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ បានជូនដំណឹងឲ្យបេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទៅពិនិត្យបញ្ជីឈ្មោះ នៅតាមសាលារៀងៗខ្លួន។

ក្រសួងអប់រំ តាមរយៈ Facebook បានឲ្យដឹងយ៉ាងដូច្នេះថា «សូមសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ ទៅពិនិត្យបញ្ជីបេក្ខភាព សម្រាប់ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅតាមសាលារៀងៗខ្លួន»

បើតាមក្រសួងអប់រំ បន្ទាប់ពីការប្រឡងឆមាសលើកទី២ ត្រូវបានបញ្ចប់ នៅវិទ្យាល័យនីមួយៗ ទូទាំងប្រទេសកម្ពុជា បានធ្វើការបិទផ្សាយបញ្ជីបេក្ខភាព និងបញ្ជីលុបបេក្ខភាពសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ខាងមុខ។

សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងវិទ្យាសាស្ត្រសង្គម១២៧មណ្ឌល មាន៤,៨០៩បន្ទប់ បេក្ខជនប្រឡងសរុប១១៩,២១៧នាក់ ស្រី៦១,០៣១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៥,៤១៤នាក់ ស្រី២៥,៥២៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៧៣,៨០៣នាក់ ស្រី៣៥,៥០៥នាក់ (ទិន្នន័យបណ្ដោះអាសន្ន)៕