(ភ្នំពេញ)៖ ជនជាប់ចោទ នួន ជា អាយុ៩៣ឆ្នាំ ដែលជាអតីតមេដឹកនាំរបបខ្មែរក្រហម បានទទួលមរណភាពនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាមការឲ្យដឹងពី លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។

លោក នេត្រ ភក្ដ្រា បានបញ្ជាក់ថា ជនជាប់ចោទ នួន ជា បានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ជនជាប់ចោទ នួន ជា ត្រូវបានបញ្ជូនពី មន្ទីរឃុំឃាំងបណ្តោះអាសន្នរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺ តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩មក។

សូមជម្រាបថា យោងតាមសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា នួន ជា មានឈ្មោះកំណើត ឡុង ប៊ុនរួត ហើយមានឈ្មោះក្លែងក្លាយថា «បងទី២» កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ នៅខេត្តបាត់ដំបង។

លោកបានសិក្សាច្បាប់នៅសាកលវិទ្យាល័យធម្មសាត ដែលមានកេរ្តិ៍ឈ្មោះនៅទីក្រុងបាងកក ហើយនៅទីនោះ គាត់បានចូលរួមជាមួយបក្សកុម្មុយនីស្តថៃ។

នៅឆ្នាំ១៩៦០ គាត់ត្រូវបានតែងតាំងជាអនុលេខាបក្សនៃបក្ស កុម្មុយ​នីស្តកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា ហើយគាត់ស្ថិតនៅក្នុងតំណែងទាំងពីរនេះពេញមួយ របបកម្ពុជាប្រជាធិបតេយ្យ។

លោក នួន ជា រស់នៅជាមួយខ្មែរក្រហមរហូតដល់មានកិច្ចព្រមព្រៀងគ្នាមួយជាមួយរដ្ឋាភិបាលកម្ពុជានៅ​ខែធ្នូ ឆ្នាំ១៩៩៨ ដែលអនុញ្ញាតឲ្យគាត់មករស់នៅក្បែរព្រំដែនថៃ។ លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧៕