(ព្រះសីហនុ)៖ លោក គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹង មិនឲ្យប្រជានេសាទ ចេញទៅនេសាទនៅលើផ្ទៃសមុទ្រ និងមិនត្រូវចុះលេងទឹកសមុទ្រនោះឡើយ ព្រោះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។

សេចក្ដីជូនដំណឹងនេះ បន្ទាប់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ទទួលឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ហើយខ្យល់មានល្បឿនលឿនខ្លាំង ចាប់ពី១៥-២០ម៉ែត្រ ក្នុងមួយវិនាទី, រលកសមុទ្រមានកម្ពស់ពី១-២ម៉ែត្រ។

បើតាមសេចក្ដីជូនដំណឹងរបស់លោក គួច ចំរើន កត្ដានេះអាចបង្កឲ្យមានការលិចលង់ភូមិឋានមួយចំនួនរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកំណត់ផ្លូវជាតិលេខ៤ ត្រង់តំបន់ទំនាបមួយចំនួន។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកព្រលឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងពិសេសថ្មីមួយ ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ដោយសារឥទ្ធិពលនៃខ្យល់មូសុងនិរតី ធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ។

ក្រសួងធនធានទឹកបញ្ជាក់ថា ស្ថានភាពបែបនេះបណ្តាលឲ្យ៖
១៖ ការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ៤។
២៖ ខ្យល់មានល្បឿនខ្លាំងពី ១៥-២០ម៉ែត្រក្នុងមួយវិនាទី។
៣៖ រលកមានកម្ពស់ពី ១-២ម៉ែត្រ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនេះ៕